ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភា ប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុ ជាមួយតំណាងរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ លោក ឈាង វុន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញប្រជុំ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន២ជាមួយតំណាងរដ្ឋាភិបាល ដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ដើម្បីពិនិត្យលើរបៀបវារៈចំនួន២ រួមមាន ៖ ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលគណៈកម្មការទី២ នៃរដ្ឋសភា បានប្រជុំរួចរាល់ហើយ និងថ្មីៗនេះ រដ្ឋសភា និងក្រសួងសេដ្ឋកិច្ចក៏បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួចរាល់ហើយដែរ។

លោកបន្តថា នៅថ្ងៃទី១៧ ខែវិច្ឆិកាដែលគណៈកម្មការជំនាញនានារបស់រដ្ឋសភាបានជួបប្រជុំពិភាក្សានេះ ដើម្បីចង់បានការបំភ្លឺបន្ថែមទៀតនូវចម្ងល់មួយចំនួនដើម្បីឱ្យកាន់តែយល់ច្បាស់លើសេចក្តីព្រាងច្បាប់ទាំងពីរ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ដែរថា សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុងទាំងកាលវសាន ទាំងខ្លឹមសារតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកាដែលត្រូវបានកត់ត្រាទុកដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់ត្រឹមត្រូវ នៃទិន្នន័យទាំងនេះជាមួយអាណាប័កពាក់ព័ន្ធទាំងថវិកាជាតិ និងថវិកាថ្នាក់ក្រោមជាតិ។

លោកបន្ថែមថា ចំណែកសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាកំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតរាថយក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងថែរក្សាសុខសន្តិភាព និងប្រជាជនក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់តែស៊ីជម្រៅលើគ្រប់វិស័យលើមាគ៌ាបន្តឈានទៅសម្រេចឋាន:ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយគម្រោងថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំងធានាបាននូវចីរភាព ស្របតាមជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើនផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល៕

ដោយ ៖ សិលា


ចែករំលែក៖