ព័ត៌មានទាន់ហេតុការណ៍៖

អីយ៉ា…ប៉ូលិសថៃទូទាំងប្រទេស ប្រញាប់ចេញស្បថ ដោយស្រែកឮៗថា ខ្លួនមិនមែនអង្គការឧក្រិដ្ឋកម្មទេ

ចែករំលែក៖

ថៃ៖ យោងតាមការចុះផ្សាយរបស់ Thairath នៅថ្ងៃចន្ទទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននិយាយថា ក្រោយមានការចោទប្រកាន់ពីអតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ Surachate Hakparn (Big Joke) ថា មន្ត្រីប៉ូលិសថៃជាង ២០០ នាក់ ពាក់ព័ន្ធនឹងការប្រមូលប្រាក់ការពារ ជាប់ទាក់ទងជាមួយ Scammer និងក្រុមល្បែងស៊ីសងតាមអនឡាញនោះ ស្រាប់តែប៉ូលិសថៃទូទាំងប្រទេស បានប្រញាប់នាំគ្នាចេញស្បថនៅមុខប៉ុស្តិ៍ប៉ូលិសរៀងៗខ្លួន ដោយស្រែកឮៗថា «យើងជាប៉ូលិសរបស់ប្រជាជន មិនមែនជាអង្គការឧក្រិដ្ឋកម្មទេ»។

ពិធីស្បថនេះ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ដោយគេមើលឃើញថា ប៉ូលិសបានស្រែកម្តងហើយម្តងទៀត ខំបញ្ជាក់ថា ខ្លួនឯងមិនមែនជាអង្គការឧក្រិដ្ឋកម្ម។

សារព័ត៌មាន Thairath បាននិយាយបន្ថែមថា លោក Surachate បានទម្លាយអំពីអំពើពុករលួយដែលចាក់ស្រែះនៅក្នុងអង្គភាពប៉ូលិសថៃ ដោយដល់ថ្នាក់លោកបានហៅកម្លាំងប៉ូលិសថាជា «អង្គការឧក្រិដ្ឋកម្មដ៏ធំ» ថែមទៀតផង។

ទោះបីជាយ៉ាងណា ក្នុងគោលបំណងសម្តែងភាពស្អាតស្អំ ប៉ូលិសទាំងអស់បានចេញស្បថ ហើយជាការវាយបកទៅវិញ សមាគមប៉ូលិសចំនួន៤ បានទាមទារឲ្យមានចំណាត់ការវិន័យនិងផ្លូវច្បាប់ ប្រឆាំងនឹងលោក Surachate សម្រាប់ការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប៉ូលិស៕ដោយ៖តារា

(រូបភាព៖ ប៉ូលិសថៃធ្វើពិធីសម្បថ របស់សារព័ត៍មាន Thairath)


ចែករំលែក៖