ភ្នំពេញ ៖ លោក សួស ប្រាថ្នា អគ្គ នាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ខេត្តព្រៃវែង)-តិនណាម(ខេត្តតៃនិញ) ដឹកនាំដោយ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅបន្ទប់ប្រជុំខេត្តសៀមរាប ទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងគោលបំណង ដើម្បីតម្រង់ទិសដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការ រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ខេត្តព្រៃវែង)-តិនណាម(ខេត្តតៃនិញ) ព្រមទាំងត្រៀមកិច្ចការចាំបាច់នានា។
សូមជម្រាបជូនថា ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ខេត្តព្រៃវែង)-តិនណាម(ខេត្តតៃនិញ) នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច