សៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធលួចម៉ូតូយ៉ាងសកម្ម ទៅសាលាដំបូងខេត្ត ដេីម្បីបន្តនីតិវិធីច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងបង្ហាញមុខជាសាធារណៈ។
ប្រភពដដែលបន្តថា កងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍ ថាមានក្មេងមួយក្រុមជិះម៉ូតូគ្មានស្លាកលេខ និងសួររកអ្នកទិញម៉ូតូ។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១១:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចផ្លូវសួនសត្វ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០២គ្រឿង។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២លើក ពិតប្រាកដមែន ដោយលើកទី១ ក្នុងអំឡុងចុង ខែតុលាឆ្នាំ ២០២៥ បានធ្វើសកម្មភាពលួច នៅជិតផ្សារហ៊ុយឡេង ភូមិតាភុល សង្កាត់ស្វាយដង្គំ និងលើកទី២ លួចនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។
ដូច្នេះក្នុងនាមជាសមត្ថកិច្ច អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ជាពិសេសករណីទុកម៉ូតូចោលដោយធ្វេសប្រហែស ដែលធ្វើឲ្យជនឆ្លៀតឱកាស មានឱកាសធ្វើសកម្មភាពលួចយកទៅបាត់ដោយស្រួល៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច