ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី គន់ គីម៖ ក្នុងរយៈពេល៩ខែ ឆ្នាំនេះ ទឹកជំនន់ បានប៉ះពាល់ ប្រជាពលរដ្ឋចំនួន ៤១,៥១៣គ្រួសារ និងស្លាប់ ២០នាក់, ខណៈខ្យល់កន្ត្រាក់ បង្កការខូចខាតផ្ទះសម្បែង ប្រមាណ ៦,៨០០ខ្នង និងរន្ទះបាញ់បានសម្លាប់មនុស្សចំនួន ៤០នាក់ និងរបួស ៥៨នាក់

ចែករំលែក៖

ភ្នំពេញ៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា» ដែលជាសមិទ្ធផលថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាព និងភាពធន់របស់សង្គមជាតិ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក ចូ សូយ័រអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, ថ្នាក់ដឹកនាំ គ.ជ.គ.ម, លោក-លោកស្រី តំណាងក្រសួងស្ថាប័ន, ថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានី-ខេត្ត, តំណាងអង្គការដៃគូរ និងមន្រ្តី គ.ជ.គ.ម ដែលពិធីប្រព្រឹត្តទៅនៅសណ្ឋាគារ RAFFLES Le Royal រាជធានីភ្នំពេញ។

ក្នុងសន្ទរកថារបស់ លោកទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា» នាថ្ងៃនេះ គឺជាសមិទ្ធផលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលមានភាពធន់ ប្រកបដោយ ចីរភាព និងបរិយាប័ន្ន ជាពិសេសផែនទីបង្ហាញផ្លូវនេះ នឹងក្លាយជាឧបករណ៍គន្លឹះមួយ សម្រាប់ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។

លោកទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ទៀតថា គ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ រាំងស្ងួត រន្ទះបាញ់ ខ្យល់កន្ត្រាក់ បានបន្តគំរាមកំហែងដល់សមិទ្ធផលនៃការអភិវឌ្ឍជាតិរបស់យើង។ តួយ៉ាងដូចជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ទឹកជំនន់ បានប៉ះពាល់ ប្រជាពលរដ្ឋចំនួន ៤១,៥១៣គ្រួសារ និងស្លាប់ ២០នាក់, ខ្យល់កន្ត្រាក់ បានបង្កការខូចខាតផ្ទះសម្បែង ប្រមាណ ៦,៨០០ខ្នងនិងរន្ទះបាញ់បានសម្លាប់មនុស្សចំនួន ៤០នាក់ និងរបួស ៥៨នាក់ព្រមទាំងបង្កផលប៉ះពាល់និងខូចខាតវិស័យកសិកម្ម អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ទំហំនៃការខូចខាតនេះ តម្រូវឱ្យមានការវិនិយោគជាអាទិភាពលើការងារត្រៀមបង្ការ ជាជាងការឆ្លើយតប។

លោកទេសរដ្ឋមន្រ្តី ថ្លែងថា ការកសាងប្រទេសមួយដែលមានភាពធន់ គឺមិនអាចធ្វើដោយឯកឯងបានឡើយ ពោលគឺ តម្រូវឱ្យមានការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំទៅនឹងយន្តការសកលលោក ដូច្នេះការរៀបចំផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានេះ គឺផ្អែកយ៉ាងសំខាន់ទៅលើមូលដ្ឋានគ្រឹះអន្តរជាតិសំខាន់ៗ ដូចជា ក្របខ័ណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (២០១៥-២០៣០) ដែលក្របខ័ណ្ឌនេះបានកំណត់នូវអាទិភាព និងគោលដៅជាយុទ្ធសាស្ត្រសម្រាប់ការកាត់បន្ថយហានិភ័យ ហើយតម្រូវការក្នុងការលើកកម្ពស់ប្រព័ន្ធប្រកាសដំណឹងជាមុន ពហុមុខសញ្ញាគ្រោះថ្នាក់ និងព័ត៌មានហានិភ័យជាតម្រូវការសំខាន់។

លោកទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ មិនត្រឹមតែជាឯកសារយុទ្ធសាស្ត្ររបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការភ្ជាប់ទំនាក់ទំនងរវាងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបៀបវារៈសកល ដើម្បីធានានូវសន្តិសុខមនុស្សជាតិ និងការការពារអាយុជីវិតប្រជាពលរដ្ឋគ្រប់រូបនៅក្នុងមាតុភូមិនៃប្រទេសផងដែរ។

លោកទេសរដ្ឋមន្រ្តី លើកឡើងថា ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា គឺជាផែនការសកម្មភាពដែលមានការបែងចែកភារកិច្ចច្បាស់លាស់ ដោយផ្តោតលើសសរស្តម្ភជាយុទ្ធសាស្ត្រចំនួនបួន ដោយសសរស្តម្ភទី១ គឺជាការយល់ដឹងអំពីហានិភ័យ, សសរស្តម្ភទី២ ការព្យាករណ៍ និងការតាមដាន, សសរស្តម្ភទី៣: ការផ្សព្វផ្សាយ និងការទំនាក់ទំនង និងសសរស្តម្ភទី៤: សមត្ថភាពឆ្លើយតប។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ក្រសួង-ស្ថាប័នបង្គោល សូមបន្តភាពជាម្ចាស់ការ និងបញ្ចូលការចំណាយសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវនេះ ទៅក្នុងកម្មវិធីថវិកាជាតិរបស់ខ្លួនជារៀងរាល់ឆ្នាំ ដើម្បីធានាបាននូវចីរភាព និងនិរន្តរភាពនៃការអនុវត្ត ខណៈដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សូមបន្តគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវនេះ៕

ដោយ៖តារា


ចែករំលែក៖