ភ្នំពេញ៖ សហព័ន្ធកីឡាសូហ្វតឺន្នីស កម្ពុជាបាននិងកំពុងសស្រាក់សស្រាំជំរុញ ដល់ការហ្វឹកហាត់របស់កីឡាករកីឡាការិនី របស់ខ្លួន១៣នាក់ត្រៀមចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍កីឡាសូហ្វតឺន្នីសជើងឯកអាស៊ីលើកទី៨នៅទីក្រុងស៊ីបាប្រទេស ជប៉ុនដែលនឹងចេញដំណើរនៅថៃ្ងទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ខាង មុខនេះ។ ជាការ លើកឡើងរបស់លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាដែលបានប្រាប់អ្នកយកព័ត៌មានកីឡាកាលពីពេលថ្មីៗកន្លងទៅ ។
លោក ជា ប៊ុនហេង បានឲ្យដឹងថា សម្រាប់ការចូលរួមនៅក្នុងការប្រកួតកីឡាសូហ្វតឺន្នីសជើងឯកអាស៊ីលើកទី៨ខាងលើសហព័ន្ធបានត្រៀមកីឡាករកីឡាការិនី១៣នាក់ ដោយធ្វើការហ្វឹកហាត់ជាច្រើនខែរួចមកហើយ។ ម្យ៉ាងវិញទៀតពួកគេ សុទ្ធតែធ្លាប់បានឆ្លងកាត់ការប្រកួតនៅលើឆាកអន្តរជាតិចំនួន៣លើកក្នុងនោះយើងទទួលលទ្ធផលល្អប្រសើរ ។ ជាមួយគ្នា នោះដែរលោកបានដាក់ក្តីសង្ឈឹមច្រើនទៅលើកីឡាករកីឡាការិនីរបស់លោកប្រាកដជាធ្វើបានល្អជាក់ជាពុំខានសម្រាប់ការ ប្រកួតនៅប្រទេសជប៉ុននេះ ។
លោកអគ្គលេខាធិការបានបន្តទៀតថា ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីសជើងឯកអាស៊ីនេះដែរកីឡាករកីឡាការិនី កម្ពុជាទទួលបានការឧបត្ថម្ភសំបុត្រយន្តហោះពីសម្តេចក្រឡាហោមសរខេងឧប នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រីឯ សម្លៀកបំពាក់និងស្បែកជើងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនយូនិចរបស់ប្រទេស ជប៉ុន ។
គួរបញ្ជាក់ថា កីឡាសូហ្វតឺន្នីសកម្ពុជា នៅក្នុងឆ្នាំ២០១៦នេះ បានចូលរួមការ ប្រកួតកម្រិតអន្តជាតិធំៗចំនួន៣លើករួច មកហើយដោយទទួលបានលទ្ធផលល្អ ប្រសើរនាំយកមេដាយមកជូនជាតិវិញជានិច្ច៕ សារីម