ខេត្តក្រចេះ៖ កុមារាម្នាក់បានលង់ទឹកអូរស្លាប់ខណៈដើរឆ្លងអូរតាមម្តាយទៅច្រូតស្រូវកាលព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចអូរឆក់ ស្ថិតក្នុងភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា កុមាររងគ្រោះមានឈ្មោះ ភី ចិត្រ អាយុ ៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។ មុនកើតហេតុកុមាររងគ្រោះបានដើរតាមម្តាយទៅច្រូតស្រូវដោយឆ្លងតាមទឹកអូរ ខណៈកំពុងដើរកាត់ទឹកស្រាប់តែកុមាររងគ្រោះរអិលជើងធ្លាក់ទឹកហូរលង់ស្លាប់តែម្តង។
ក្រោយកើតហេតុសពកុមាររងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។
សូមជម្រាបថា ករណីសដៀងគ្នានេះ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅភូមិ ផាសីុស្រា ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានក្មេងប្រុសម្នាក់ ឈ្មោះ សារីម កុយ អាយុ២ឆ្នាំ បានលង់ ទឹកប្រឡាយស្លាប់។ ខណៈដែលកុមាររូប នេះដើេរតាមម្តាយទៅបោកខោអាវនៅចម្ងាយ ពីផ្ទះប្រមាណ២ម៉ែត្រប៉ុណ្ណោះ។ ដូច្នេះ មាតាបិតាអាណាព្យាបាលគួរតែប្រយ័ត្ន ប្រយែងកូនចៅឲ្យបានត្រឹមត្រូវព្រោះនេះជារដូវវស្សាបើសិនប្រហែសតែបន្តិចនឹង កើតមានគ្រោះថ្នាក់ដល់អាយុជីវិតជាមិន ខាន៕ ហេង នរិន្ទ្រ