ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសស្រី៣នាក់លង់ទឹកប្រឡាយស្រូវប្រាំងស្លាប់នៅស្រុកមង្គលបុរី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្មេងប្រុសស្រី៣នាក់បានលង់ទឹកប្រឡាយស្រូវប្រាំងស្លាប់ ក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី នៅវេលាម៉ោង១១និង០០នាទី ថ្ងៃសុក្រទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

សមត្ថកិច្ចបញ្ជាក់ថាៈក្មេងលង់ទឹកប្រឡាយស្រូវប្រាំងស្លាប់ចំនួន៣នាក់ ស្ថិតក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី។ ក្នុងករណីលង់ទឹកនោះយើងឃើញវត្តមានលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបុរី លោក ឆុំ ឆាន់ អភិបាលរងស្រុក លោក សូ សាវលិញ ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ ព្រមទាំងនគរបាលប៉ុស្តិ៍បត់ត្រង់បានចុះជួយអន្តរាគមន៍ករណីក្មេងលង់ទឹក និងបានជួយផ្តល់មឈូសជូនគ្រួសារនៃសពទាំង៣នាក់ដែលកំពុងជួបបញ្ហាខ្វះខាតជាក់ស្តែងផងដែរ។

គួរបញ្ជាក់ថាៈក្មេងទាំង៣នាក់នេះជាបងប្អូនជីដូនមួយគ្នា ហើយត្រូវបានស្គាល់អត្តសញ្ញាណ៖

១-ឈ្មោះ នឿម ឋានៈវ៉ាត់ ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី។

២-ឈ្មោះ ឆាយឆាយ សុជាតា ភេទស្រី អាយុ៥ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី។

៣-ឈ្មោះ រ៉េន សុផា ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី។

សមត្ថកិច្ចបន្តថាៈ ក្រោយពីការពិនិត្យរបស់មន្ត្រីនិងគ្រូពេទ្យជំនាញរួចរាល់បានបញ្ជាក់ថា សពក្មេងទាំង៣នាក់ខាងលើប្រាកដជាលង់ទឹកស្លាប់មែន ដោយពុំមានស្លាកស្នាមដែលគួរឱ្យសង្ស័យពីករណីឃាតកម្មនោះឡើយ ហើយសពខាងលើបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖វណ្ណា


ចែករំលែក៖