ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកស្វាយទាប បានធ្វើការបង្ក្រាប ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើងវាយគ្នា)

ចែករំលែក៖

ខេត្តស្វាយរៀង: កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀងរាយ គណៈនាយកសាលាវិទ្យាល័យហ៊ុនសែនប្រសូត្រនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៩ ព្រឹកស្រាវជ្រាវ ករណីបែកធ្លាយវីដេអូសិស្សសាលាណាត់វាយគ្នាក្រៅសាលានៅលើផ្លូវបេតុង បឹងឈូក ស្ថិតនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១ និង ១០នាទី ។

សមត្ថកិច្ចនគរបាលស្រុកបញ្ចាក់ទៀតថា ក្រោយមកបានកំណត់អត្តសញ្ញាណជនសង្ស័យជាសិស្សចំនួន ០២នាក់ជាជនដៃដល់មាន ឈ្មោះ សេង ស៊ុកសុភក្ត្រា ភេទប្រុស អាយុ ១៥ឆ្នាំជនជាតិខ្មែរ រៀនថ្នាក់ទី៩A រស់នៅភូមិប្រសូតទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងឈ្មោះ វិត ដេវីត ភេទប្រុស អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី 9 F រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បន្ទាប់មកសមត្ថកិច្ចក៏បានស្រាវជ្រាវស្វែងរកជនសង្ស័យខាងលើរហូតដល់ម៉ោង ១៤:០០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ខាងលើយកមកអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០២នាក់ខាងលើបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានណាត់វាយគ្នានៅផ្លូវបេតុងស្ថិតនៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាមួយជនរងគ្រោះដែលខ្លួន និងបក្សពួកព្រួតគ្នាវាយនោះ ឈ្មោះ គិន សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិទាហានលើ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង មានជំងឺប្រចាំកាយផងដែរ។

ក្រោយពិនិត្យនិងសួរនាំជនសង្ស័យខាងលើរួចលោកអធិការនគរបាលស្រុកស្ដីទី បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។

ប្រភពបន្តថា ចំណែកឯ ឈ្មោះ វិត ដេវីត ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង លោកអធិការនគរបាលស្រុកស្ដីទី បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញដោយធ្វើកិច្ចសន្យាអប់រំណែនាំ និងអញ្ជើញអាណាព្យាបាល មកធានា អៈអាងយកទៅអប់រំបន្តផងដែរ។


ចែករំលែក៖