ខេត្តកណ្តាល៖ពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ លោក គ្រូព្រហ្ម មុន្នីសិទ្ធី បានខមិនលើកឡើងក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថា ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅបុរីវីឡា ទួលសង្កែអរិយក្សត្រ ជាង១០០គ្រួសារ មានក្តីបារម្ភដែលក្នុងរយៈពេល៥ខែចុងក្រោយនេះមានចោរកម្មគាស់ផ្ទះយ៉ាងសកម្មនៅក្នុងបុរី។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ ដឹកនាំកម្លាំងជំនាញពាក់ព័ន្ធចុះស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖
នៅអំឡុងឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ម៉ុម ចន្ទលី បានទិញផ្ទះល្វែងមួយខ្នងស្ថិតនៅក្នុងបុរីទួលសង្កែ ស្ថិតនៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដើម្បីស្នាក់នៅ រហូតដល់ដើមឆ្នាំ២០២៥ ជនរងគ្រោះបានចាក់សោរទុកផ្ទះខាងលើចោល រួចទៅស្នាក់នៅជាមួយកូននៅរាជធានីភ្នំពេញ រៀងរាល់ថ្ងៃចុងសប្តាហ៍ទើបជនរងគ្រោះមកមើលម្តង លុះថ្ងៃទី២៣.១១.២០២៥ វេលាម៉ោង ០៩.០០នាទី ជនរងគ្រោះបានមកមើលផ្ទះនៅចំណុចខាងលើដូចសព្វដងក៏ឃើញសភាពនៅក្នុងផ្ទះរបស់ខ្លួន មានភាពរញ៉េរញ៉ៃ ដោយសង្ស័យថាមានចោរចូលផ្ទះ ទើបដើរត្រួតពិនិត្យមើលតាមបន្ទប់ឃើញទ្វារខូចរបើកចេញទាំងអស់ ទើបដឹងថាបាត់លុយចំនួន ៣៥,០០០ដុល្លារអាមេរិក និងខ្សែកមាសចំនួន ០២ខ្សែ ទម្ងន់សរុប ៥តម្លឹង បន្ទាប់មកជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច។
ក្រោយពីទទួលបានបណ្តឹងកម្លាំងជំនាញខេត្ត ក្រុងអរិយក្សត្រ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ចុះត្រួតពិនិត្យផ្ទះកើតហេតុ ស៊ើបអង្កេតស្រាវជ្រាវ ពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ក៏បានឃើញបុរសម្នាក់មានសកម្មភាពដើរក្នុងបរិវេណបុរីគួរឲ្យសង្ស័យ។ នៅថ្ងៃទី២៩.១១.២០២៥ វេលាម៉ោង ១៣.០០នាទី កម្លាំងជំនាញបានហៅឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ភេទប្រុស ដែលជាអ្នករស់នៅជិតខាងក្បែរផ្ទះកើតហេតុ មកសាកសួរ និងបានបង្ហាញរូបភាពភិនភាគបុរសម្នាក់ដែលមាននៅក្នុងកាមេរ៉ាសុវត្ថិភាពឲ្យមើល ទើបឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ប្រាប់មកសមត្ថកិច្ចថា រូបគេពិតជាបានស្គាល់បុរសម្នាក់នោះ និងធ្លាប់មានទំនាក់ទំនងជាមួយគ្នាហៅមកឲ្យជួយសម្អាតផ្ទះរបស់បងខ្លួនផងដែរ បន្ទាប់មកទើបសមត្ថកិច្ចបានសហការណ៍ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឈានដល់ការឃាត់ជនសង្ស័យឈ្មោះ អ៊ឹម ថា ហៅ យូរ ឬ វុធ នៅចំណុចផ្ទះជួលមួយកន្លែងក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អុឹម ថា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងបុរីទួលសង្កែចំនួន ០២ដង ប្រាកដមែន៖
+លើកទី១ នៅថ្ងៃទីមិនចាំ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៧.០០នាទី ខ្លួនបានធ្វើសកម្មភាពយកទួណឺវីសទៅបុកបំបែកមេសោររួចចូលលួចសម្ភារនៅក្នុងផ្ទះរបស់ជនរងគ្រោះបានដូចជា ទូរស័ព្ទដៃម៉ាក Iphone 16 ពណ៌ទឹកប្រាក់ ០១គ្រឿង, លុយវៀតណាម ជាង២លានដុង,លុយចិន ជិត១ពាន់យ៉េន,ខ្សែដៃអង្កាំ០១ខ្សែ និងម៉ូតូម៉ាក់ Pcx ០១គ្រឿង ។
+លើកទី២ នៅថ្ងៃទី១២.១១.២០២៥ វេលាម៉ោង ១៥.០០នាទី ឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ត្រូវជាអ្នកស្គាល់គ្នាបានជិះម៉ូតូឌុបខ្លួនឲ្យមកធ្វើការសម្អាតផ្ទះបងរបស់គាត់នៅក្នុងបុរីទួលសង្កែ ពេលធ្វើដំណើរតាមផ្លូវ ដោយពេលនោះខ្លួនគិតថា ត្រូវការលុយ ចំណែកឈ្មោះ សុខ សម្បត្តិលក្ខិណា ហៅ បាត់ គាត់ក៏ត្រូវការលុយ ទើបខ្លួនប្រាប់ទៅឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ថាចង់ចេញរកលុយដើម្បីយកចែកគ្នាចាយដោយទៅរកមើលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងបុរីខាងលើ ពេលឆ្លងទូកដរ ដល់ត្រើយខាងអរិយក្សត្រ ខ្លួនបានឲ្យឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ជិះម៉ូតូម្នាក់ឯងទៅចាំនៅផ្ទះរបស់បងគាត់នៅក្នុងបុរីមុន ចំណែកខ្លួនជួលផាសអាប់ជិះសំដៅទៅតាមក្រោយ ពេលទៅដល់បានបោសសម្អាតនៅផ្ទះខាងលើរួច ឲ្យឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ចាក់សោរផ្ទះខាងមុខ ទុកតែទ្វារខាងក្រោយដើម្បីឲ្យខ្លួនស្រួលចេញនៅពេលធ្វើសកម្មភាព ហើយឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ បានជិះម៉ូតូចេញទៅចាំនៅខាងក្រៅដោយមានសភាពស្ងាត់ទើបខ្លួនចេញពីក្នុងផ្ទះខាងលើ ដើរដល់តាមផ្លូវក៏បានឃើញផ្ទះល្វែងទល់គូទគ្នាត្រូវបានម្ចាស់ចាក់សោរមិននៅ ទើបធ្វើសកម្មភាពផ្លោះរបង និងទាញជំរឹងបង្អួចខាងក្រោយនោះបំបាក់ដើម្បីលូនចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះ ដោយយកទួណឺវីសទៅគាស់មេសោរចូលរុះរើនៅក្នុងបន្ទប់ តែមិនឃើញមានទ្រព្យសម្បត្តិអ្វីមានតម្លៃនោះទេ ពេលនោះខ្លួនបានលើកកង់ហាត់ប្រាណមួយឡើងទៅជាន់ខាងលើ ដើម្បីលួចយកកង់នោះចេញ តែដោយសារហែកជញ្ចាំងសង័្កសីដែលម្ចាស់គេធ្វើបាំងខណ្ឌជញ្ចាំងផ្ទះមានទំហំតូចមិនអាចយកកង់ចេញបាន ទើបទុកចោលរួចប្រមូលកម្រាលពូកចំនួន ០៣ឈុត និងម៉ាស៊ីនផ្លុំសក់ ចេញតាមបង្អួចខាងក្រោយមកក្រៅ ក៏ត្រូវសន្តិសុខ ឃាត់សួរ តែខ្លួនប្រាប់ថាជាអ្នកស៊ីឈ្នួលសម្អាតផ្ទះឲ្យគេ បន្ទាប់មកខ្លួនបានទូរស័ព្ទហៅឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ជួបខាងសន្តិសុខ ដោយគាត់បានបញ្ជាក់ប្រាប់ទៅខាងសន្តិសុខថា ខ្លួនជាអ្នកសម្អាតនៅផ្ទះបងរបស់គាត់ ទើបសន្តិសុខអនុញ្ញាតិឲ្យចេញ ភ្លាមនោះឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ បានឌុបខ្លួនយកទៅទម្លាក់នៅត្រឹមណាហ្គា រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៩.១១.២០២៥ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច