ខេត្តកណ្ដាល៖ ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកណ្ដាល លោកស្រី ឡូញ សុខខា បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារលើក្មេងទំនើងចំនួន៧នាក់ ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ បន្ទាប់ពីពួកគេបានប្រព្រឹត្តបទល្មើសឃាតកម្ម ដោយកាប់ជនរងគ្រោះម្នាក់បណ្ដាលឱ្យដាច់ក្បាល និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកកៀនស្វាយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ។
សូមជម្រាបជូនថា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល លោក ខា ដែនណា នៅថ្ងៃទី២ខែធ្នូឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្មេងទំនើងទាំង៧នាក់នោះ ម្នាក់ជាជនដៃដល់ឈ្មោះ កុល ដារ៉ុង អាយុ១៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្ម និងកាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត»។ ខណៈ៦នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្ម និងសមគំនិតក្នុងអំពើកាន់កាប់ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត (កាំបិតផ្គាក់និងដាវ)»។
គួររម្លឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ជនរងគ្រោះម្នាក់ ត្រូវបានក្រុមក្មេងទំនើងកាប់បណ្ដាលឲ្យដាច់ក្បាលចេញពីខ្លួន និងម្នាក់ទៀតរងរបួសធ្ងន់ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ភ្លាមៗនោះ កម្លាំងជំនាញបានឃាត់ខ្លួនក្រុមក្មេងស្ទាវយកមកប៉ុស្តិ៍ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង, ឈ្មោះ ហ៊ាន សៀងហៃ, ឈ្មោះ ឆុន ឆាយ បានសារភាពថា ឈ្មោះ កល់ ដារ៉ុង អាយុ១៨ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់។
ចំណែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះមួយកាំបិតផ្គាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច