ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗ ក្រោយពេលជិះម៉ូតូលឿនឆ្លងផ្លូវជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវដូចគ្នាចំពីចំហៀងខាងឆ្វេងពេញទំហឹង កាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ២២៣កែងផ្លូវ២២៦ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌ខៀវមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BM-9104 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២២៣ឆ្លងផ្លូវបំបែកជាបួន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់សេ១២៥ពណ៌ក្រហមពាក់ផ្លាកលេខ កំពង់ធំ- 1K-7763 ជិះម្នាក់ឯងចេញពីផ្លូវ២២៦ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណះជិះឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកូរ៉េចំពាក់កណ្តាលចំហៀង ខាងស្តាំ បណ្តាលឲ្យដួលបោកក្បាលនៅនិងផ្លូវរងរបួសធ្ងន់ធ្ងរភ្លាមនោះដែរពលរដ្ឋក្បែខាងក៏ជួយទាក់ទងហៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះទៅសង្រ្គោះនៅឯមន្ទីពេទ្យរដ្ឋមួយកន្លែងភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដាលសិនរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច