ភ្នំពេញ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានរថភ្លើងកិនអូសជាច្រើនម៉ែត្របណ្តាលឲ្យដាច់សាច់ស្លាប់មើលលែងស្គាល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវរថភ្លើង ក្នុងភូមិបុរី១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់បានឃើញបុរសរងគ្រោះមានបង្វេចមួយកញ្ចប់មកអង្គុយលេងនៅលើផ្លូវរថយន្តភ្លើង ក្រោយមកស្រាប់តែរថភ្លើងបើកមកជិតដល់ ខណះជនរងគ្រោះមិនឃើញងើបក៏ត្រូវរថភ្លើងបុករួចកិនអូសទៅមុខប្រមាណជា២០ទៅ៣០ម៉ែត្រ រួចរថភ្លើងក៏បង្អង់ល្បឿនបើកថយក្រោយវិញដើម្បីជួយសង្រ្គោះមនុស្ស តែអកុសល់ជនរងគ្រោះត្រូវបានបែកសាច់ស្លាប់មើលលែងស្គាល់បាត់ទៅហើយបន្ទាប់មករថភ្លើងបានបន្តល្បឿនបើកយកទៅចតក្នុងកន្លែងទីស្នាក់ការតែម្តងទៅ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការពិនិត្យទៅលើសពក្រោយពិនិត្យរួច ដោយសពមិនទាន់មានអត្តសញ្ញាណក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តរង់ចាំទាក់ទងរកសាច់ញាតិនៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច