ភ្នំពេញ៖ លោក Liang Guotao ប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធ នៃក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិនបានសម្ដែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត និងរងរបួសរបស់ប្រជាពលរដ្ឋស៊ីវិល ក្នុងជម្លោះព្រំដែរកម្ពុជាថៃ ដោយបានអំពាវនាវឱ្យភាគីទាំងពីរ ដោះស្រាយដោយសន្តិវិធី។
ការលើកឡើងបែបនេះ ក្នុងឱកាសលោកបានជួបពិភាក្សាទ្វេភាគីជាមួយលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា កាលពី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ថ្មីៗនេះ ពេលដែលចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការកៀរគរធនធានក្នុងសកម្មភាពមីន ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
លោកប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធ នៃក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិនបានលើកឡើងថា ភាគីចិនបានសន្យាជួយកម្ពុជាលើវិស័យសកម្មភាពមីនបន្តទៅឆ្នាំខាងមុខទៀតរហូតកម្ពុជាអាចសម្រេចបាននូវគោលដៅចុងក្រោយ។
លោកមិនភ្លេចឡើយពីការ លើកសរសើរកម្ពុជា ក្នុងភាពជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ២០២៤ នៅខេត្តសៀមរាបមក។
ឯកឧត្តមបណ្ឌិត លី ធុជ បានជម្រាបជូនភាគីចិននូវលទ្ធផលដែលកម្ពុជាទទួលបានក្នុងកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា និងស្ថានការណ៍វិវឌ្ឍន៍ថ្មីៗក្នុងប្រទេសកម្ពុជា ក៏ដូចជាលើវិស័យសកម្មភាពមីន។
លោកបណ្ឌិត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាសារសំខាន់ដើម្បីធ្វើឱ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។ ដោយកម្ពុជានូវមានតម្រូវការខ្ពស់លើការងារមនុស្សធម៌នេះ លោកបណ្ឌិត បានស្នើឱ្យរដ្ឋាភិបាលចិនបន្តផ្តល់ជំនួយគាំទ្របន្ថែមទៀតទាំងផ្នែកបណ្ដុះបណ្ដាល សម្ភារៈ និងថវិកាសម្រាប់វិស័យដោះមីននៅកម្ពុជា៕

ប្រភព៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច