ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសច្រានចោលជាដាច់ខាត ចំពោះការប្រឌិតព័ត៌មាន មួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃបញ្ជូនទៅពន្ធនាគារ និងការបំភ្លៃស្ថានការណ៍ផ្សេងៗ ដែលនាំឱ្យ ពលរដ្ឋថៃនៅកម្ពុជា ពិសេសក្រុមគ្រួសារសាច់ញាតិនៅឯប្រទេសថៃ មានការយល់ខុសតាមការឃោសនាដ៏ អកុសលនេះ។
ជាក់ស្តែង ក្នុងន័យចូលរួមប្រឆាំងការផ្សព្វផ្សាយក្លែងក្លាយទាំងនេះ មានពលរដ្ឋថៃរស់នៅប្រទេស កម្ពុជា បានថតវីដេអូបង្ហោះផ្សាយបង្ហាញអំពីជីវភាពរស់នៅធម្មតារបស់ខ្លួនជាបន្តបន្ទាប់ ពិសេសនៅក្រុង ប៉ោយប៉ែត និងតាមទីតាំងនានាក្នុងប្រទេសកម្ពុជា។ កុំថាឡើយបារម្ភខ្លាចអាជ្ញាធរកម្ពុជាចាប់ខ្លួន សូម្បីតែការ បារម្ភខ្លាចមានការគំរាមកំហែង ឬប្រព្រឹត្តអំពើហិង្សាពីប្រជាពលរដ្ឋកម្ពុជា ក៏ពុំមានដែរ ទោះប្រទេសទាំងពីរ មានអរិភាពជាមួយគ្នាក៏ដោយ។ រហូតមកដល់ថ្ងៃនេះ ពុំមានសេចក្តីរាយការណ៍ថាអាជ្ញាធរ ឬពលរដ្ឋកម្ពុជា ប្រព្រឹត្តិអំពើខុសច្បាប់លើជនជាតិថៃឡើយ។ ផ្ទុយទៅវិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងផ្តល់ការណែនាំជាសាធារណៈ កុំឱ្យមានការរើសអើង និង ប្រព្រឹត្តអំពើអមនុស្សធម៌ណាមួយលើពលរដ្ឋថៃ ខណៈមជ្ឈដ្ឋានប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្តាញ សង្គមកម្ពុជា ក៏ចូលរួមយ៉ាងសកម្មពង្រឹងបរិយាកាសល្អនៃទំនាក់ទំនងខាងស៊ីវិលជាមួយភាគីថៃ រួមទាំងពលរដ្ឋ ថៃនៅកម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា ក៏ពុំបានបិទសិទ្ធិសេរីភាពក្នុងការដើរហើរ ឬសិទ្ធិ ចាកចេញពីកម្ពុជារបស់ពលរដ្ឋថៃនោះដែរ។ ទោះមានការផ្អាកចេញចូលតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយ ថៃ ក៏ពួកគេអាចចាកចេញតាមផ្លូវអាកាស និងច្រកទ្វារព្រំដែនកម្ពុជាជាប់ប្រទេសផ្សេងទៀតបាន ដើម្បី បញ្ចៀសហានិភ័យពីការបន្តវាយប្រហារប្រដាប់អាវុធគ្រប់ធុន គ្រប់ទម្រង់ មិនរើសគោលដៅ និងមិនអាច ប៉ាន់ស្មានបានតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជូនថា អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា នឹងបំពេញតួនាទីក្នុង នាមជារដ្ឋស៊ីវិល័យ ធានាសន្តិសុខ ការពារសុវត្ថិភាព និងគោរពសិទ្ធិពលរដ្ឋស៊ីវិលក្នុងគ្រាមានសង្គ្រាម ឈ្លានពាននេះ តាមច្បាប់អន្តរជាតិជាធរមាន ដោយពុំបានបណ្តែតបណ្តោយ ឬបំផុសឱ្យមានការប្រើអំពើ ហិង្សា បំពានសិទ្ធិពលរដ្ឋថៃ ដូចករណីកើតមាននៅប្រទេសថៃ លើពលរដ្ឋខ្មែរកន្លងទៅនោះឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជនជាតិ អន្តរជាតិ ពលរដ្ឋថៃកំពុងរស់នៅកម្ពុជា និងសាច់ញាតិ កុំ មានការព្រួយបារម្ភ និងកាន់ច្រឡំតាមការបំភ្លៃ បំផ្លើស និងមួលបង្កាច់ខុសការពិតទាំងនោះ៕


ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច