ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ដឹកអំណោយសប្បុរសជន ចែកជូនវីរៈកងទ័ព និងជនភៀសសឹក ជាង៣ម៉ឺននាក់ នៅខេត្ដព្រះវិហារ 

ចែករំលែក៖

ខេត្តព្រះវិហារ៖ អំណោយសប្បុរសជនជាច្រើនមុខ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរៀបចំវេចខ្ចប់ ដឹកជញ្ជូនមកដល់គោលដៅសមរភូមិជួរមុខ ដើម្បីធ្វើការបែងចែក ជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹកចំនួន១០៦៧២គ្រួសារស្មើរ៣៤២៤៦នាក់ នៅខេត្តព្រះវិហារចាប់ តាំងពីថ្ងៃទី១៣ រហូតដល់ថ្ងៃអង្គារ៍ទី១៦ ខែធ្នូ២០២៥នេះ ជាបន្តបន្ទាប់ចំនួន៩ រថយន្តធំ និងតូចរួចហើយ ។ ក្រោយពីផ្ទុះការឈ្លានពានជាថ្មីដោយយោធាថៃ ចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ជាលើកទី២ កាលពីថ្ងៃទី៧ខែធ្នូ រហូតដល់ថ្ងៃនេះនៅមិនទាន់បញ្ឈប់សកម្មភាពនៅឡើយ ។

កម្លាំងមហាសាមគ្គីរបស់ប្រជាពរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន បានសម្រុកចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំ ចាត់ចែងដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ សម្ភារប្រើ ប្រាស់ចាំបាច់ជាច្រើនមុខ មកកាន់គោលដៅខេត្តព្រះវិហារជាបន្តបន្ទាប់។

លោក ឯក ឃុនដឿន  អភិបាលរងរាជធានីភ្នំពេញជាតំណាងដ៏ខ្ពស់ខ្ពស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានប្រគល់ អំណោយមនុស្សធម៌របស់សប្បុរសជនតាមរយះរដ្ឋបាលរាជធានីភ្នំពេញជូនដល់រដ្ឋបាលខេត្តព្រះវិហារដឹកនាំដោយឯកឧត្តមគីម រិទ្ធី អភិបាល ខេត្តព្រះវិហារនៅសាលាខេត្តព្រះវិហារ ។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអរគុណចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងាររបស់សាលារាជធានីភ្នំពេញទាំងអស់ដែលតែងតែបានខិតខំខ្នះខ្នែងកៀគរស្វែងរកមូលនិធិពីសប្បុរស ជន មានបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនឯកជននានា បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាព រៀងៗខ្លួន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់ពួកខ្ញុំនៅសមរភូមិជួរមុខ ក៏ជារដ្ឋបាលខេត្តព្រះវិហារគ្រប់កាលៈទេសៈ ។

លោកអភិបាលខេត្តព្រះវិហារបានបន្ថែមថា អំណោយស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់នានា របស់រដ្ឋបាលរាជធានីភ្នំពេញ ជួយមករដ្ឋបាលខេត្តព្រះវិហារ ក៏ដូចជាវីរកងទ័ពជួរមុខពិតជាមានសារសំខាន់ និងមានតម្លៃខ្លាំងណាស់ ខណៈយុទ្ធជនរបស់យើង បាននិងកំពុងជាប់ដៃប្រយុទ្ធតតាំងជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា  បង្កឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ខូចខាត់យ៉ាងធ្ងន់ធ្ងូរ នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបិតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណខ្មែរ វត្ត សាលារៀន មន្ទីរ ពេទ្យ  សំណងអគារ ផ្ទះ ស្ពានថ្នល់ជាដើម ។

លោក ឯក ឃុនឌឿន  អភិបាលរងរាជធានីភ្នំពេញ បាននាំមកនូវការសាកសួរសុខទុក ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមបងប្អនវីរកងទ័ពជួរមុខយើងទាំងអស់បានជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនាមអ្នកសមរភូមិក្រោយ យើងនៅឆ្ងាយតែរូបកាយប៉ុណ្ណោះតែបេះដូង ឆន្ទៈមនសិកាទឹកចិត្តស្មារតីនៅជាប់ជាមួយ បងប្អូនវីរកងទ័ពយើងជាដរាប ដោយមិនបោះបង់បងប្អូនចោលឡើយ។ជាក់ស្តែងកម្លាំងមហាសាមគ្គីនៃមហាគ្រួសារ ខ្មែរនៅទូទាំងប្រទេសនិយាយជារួម និងដោយឡែកនៅរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាបវណ្ណៈបាននាំគ្នាមកបរិច្ចាគថវិកា និងគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់តាមធនធានរៀងៗខ្លួនចម្រុះមុខ ចាប់តាំងពីរដ្ឋបាលរាជធានីចេញសេចក្តីអំពាវនាវរួចមក។រដ្ឋបាលរាជធានីបានចាត់ចែងវេចខ្ចប់ដឹកជញ្ជូនយកទៅប្រគល់ជូនជាបន្តបន្ទាប់ តាមគោលដៅដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ជាចាំបាច់ ។

លោក ឯក ឃុនឌឿន បានអរគុណបងៗ វីរៈកងទ័ព សូមឈ្នះមាសត្រូវគ្រប់សមរភូមិប្រយុទ្ធ ហើយបន្តឈរជើងយ៉ាងរឹងមាំ វាយបណ្តេញចោរសៀមឈ្លានពានទឹកដីកម្ពុជា ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ  ការពារប្រជាពលរដ្ឋ ដែលកំពុងចូលមកឈ្លានពាន លើកដែនអធិបតេយ្យភាពកម្ពុជា ដោយពួកគេបានប្រើអស់គ្រប់មធ្យោបាយ ក្នុងគោលបំណងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងូរ មកលើដែនអធិបតេយ្យភាពហើយហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា មានដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សម្បត្តិបិតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្តសាលារៀន មន្ទីរពេទ្យ អគារ ផ្ទះ ស្ពាន ថ្នល់ និងអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់កម្ពជា ។

រដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមថ្ងៃច័ន្ទទី១៥ខែធ្នូ ឆ្នាំ២០២៥ មានជំរុំជនភៀសសឹកនៅទូទាំងខេត្តមានចំនួន១៣ទីតាំង មានប្រជាពលភៀសសឹក កំពុងស្នាក់នៅសរុបចំនួន ១០៦៧២គ្រួសារស្មើរ៣៤២៤៦ នាក់ ស្រី ១៨២២១នាក់  ។

សូមជម្រាបផងដែរថា៖ អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីសប្បុរសជន ហើយបាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នាពេលនេះដូចជា៖ ថវិកា ត្រីខ មី ទឹកបរិសុទ្ធ អង្ក អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ខ្សែចងមួក កន្ទេល នំក្រៀម  ឆ្នាំង ភួយ,ទឹកផ្លែឈើ និងទឹកក្រូច ក្រម៉ា អាវជជុះនិង ថ្នាំពេទ្យជាដើម ៕

ដោយ៖សំរិត


ចែករំលែក៖