ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៦:០០នាទីរសៀល សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីដើរ ដើម្បីសន្តិភាព (March for Peace) ក្នុងគោលបំណងបង្ហាញស្មារតីស្រលាញ់សន្តិភាពរបស់ព្រះរាជាណាចក្រ កម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ ដោយធ្វើការជួបជុំនៅមុខផ្សាររាត្រី រួចធ្វើដំណើរថ្មើរជើងឆ្ពោះទៅ វិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេង កង រាជធានីភ្នំពេញ។
ដើម្បីឱ្យកម្មវិធីដើរខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការ បញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ននៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពី មុខផ្សាររាត្រី ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត រួចបត់ស្តាំតាមមហាវិថីព្រះសុរាម្រឹត រហូតដល់ រង្វង់មូលវិមាន ឯករាជ្យ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពីវេលាម៉ោង១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ក្រោយបញ្ចប់ពិធីខាងលើ អាជ្ញាធរមានសមត្ថកិច្ចនឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌបឹងកេងកង និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច