ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួល អំណោយ ពីសប្បុរសជន មានជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ គ្រឿបរិក្ខា និងថវិកា ដើម្បីបន្ដដឹកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជា ដោយប្រើF16 ទំលាក់និងបាញ់ផ្លោងគ្រាប់ចូលភូមិដ្ឋានប្រជាពលរដ្ឋស្លូតត្រង់មិនដាច់។
ពិធីប្រគល់និងទទួលនេះធ្វើឡើង នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលរងរាជធានីភ្នំពេញ រួមជាមួយសប្បុរសជនជាច្រើនផងដែរ ។
លោក. ឃួង ស្រេង ក្នុងឱកាសនោះក៏បានអរគុណចំពោះ សប្បុរសជន ធនាគារអេស៊ីលីដា ដែលបានឧបត្ថម្ភអង្ករ ចំនួន៥០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋដែលត្រូវបានភៀសសឹក មកណ្ឌលសុវត្ថិភាពនានា។
លោកបានបន្តថា៖ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខ ទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំង ពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សប្បុរសជន មន្ត្រីរាជការតាមស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ និងបណ្តាផ្សារនានា ក៏នៅតែសម្រុកមកចូលរួម ចែករំលែក ក្នុងការបរិចាក ធនធានទៅតាមលទ្ធល ភាពរៀងៗ ខ្លួនផងដែរ ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកផងដែរ។ សំរាប់អាជ្ញាធរ រាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនត ទៅទៀត នៅសាលារាជធានីភ្នំពេញ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច