ភ្នំពេញ៖ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ចាត់ទុកដ្រូនស៊ើបការណ៍របស់យោធាថៃហោះឈ្លានពានដែនអាកាស ហើយធ្លាក់ក្នុងដីកម្ពុជា ថាជា”សត្វកុកជាប់ជុង” និងថាពលរដ្ឋខ្មែរភាគច្រើនចង់ឃេីញ”សត្វឥន្ទ្រីភ្លេចខ្លួនក៏ជាប់ជុង”ដែរ។
លោកអគ្គនាយកស៊ីម៉ាក់ មិនបានបញ្ជាក់ថា “ឥន្ទ្រីភ្លេចខ្លួនជាប់ជុងនោះ” ជាយុទ្ធោបករណ៍អ្វីមួយរបស់ថៃនោះទេ ប៉ុន្តែអ្វីដែលពលរដ្ឋកម្ពុជាលើកឡើងលើបណ្ដាញសង្គមគឺចង់ឲ្យយន្តហោះចម្បាំងរបស់យោធាថៃដែលទម្លាក់គ្រាប់បែកឥតឈប់ឈរក្នុងដែនដីកម្ពុជាធ្លាក់អន្តរាយ។
អគ្គនាយកស៊ីម៉ាក់រូបនេះ បានសរសេរដូច្នេះ ÷” សត្វកុកជាប់ជុងមួយទៀតកាលពីថ្ងៃទី២០ ប៉ុន្តែទេីបប្រមូលសាកសពដ្រូននេះបាននៅថ្ងៃទី២១ ខែធ្នូនេះ! ប្រជាជនកម្ពុជាភាគច្រេីនពិតជាចង់ឃេីញសត្វឥន្ទ្រីភ្លេចខ្លួនក៏ជាប់ជុងដែរ!”។
ដ្រូនប្រភេទDP-20 (D-eyes 04) របស់ថៃ ត្រូវកងទ័ពកម្ពុជាបាញ់ទម្លាក់ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី១៨ ខែធ្នូ ។ នៅរាត្រីថ្ងៃទី២០ ខែធ្នូ ដ្រូនខ្នាតធំ១គ្រឿងទៀតធ្លាក់ក្នុងភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕


ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច