ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជនបន្ដនាំយកអំណោយជូន រដ្ឋបាលរាជធានីភ្នំពេញដើម្បីបន្ដដឹកទៅចែកវីរៈកងទ័ពជួរមុខ និងជនភៀសសឹក

ចែករំលែក៖

ភ្នំពេញ៖ សប្បុរសជន បន្ដនាំយកអំណោយ ជាសម្ភារៈ បរិក្ខា គ្រឿងឧបភោគ បរិភោគ និងថវិកា ព្រមទាំងថ្នាំពេទ្យ ជូនរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ មានសប្បុរសជនស្ថាប័ន អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ចំនួនជាង២៣៥ហើយ ដើម្បីបន្ដយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានភៀសសឹកមកកាន់មណ្ឌលសុវត្ថិភាពនានា។

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ធ្វើឡើងក្រោមវត្តមាន លោក ហួត ហៃ លោក ហ៊ុន សុរិទ្ធី និង លោក ពេញ ធារម្យ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេ ណសាលារាជធានីភ្នំពេញ។

អំណោយដែលទទួលថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌឬស្សីកែវ,រដ្ឋបាលខណ្ឌទួលគោក, ក្រុមហ៊ុនស្នេថេក,និងសប្បុរជន ក្នុងស្រុកនិងនៅក្រៅស្រុកផងដែរ នៅថ្ងៃទី២២ធ្នូនេះមានសប្បុរសជន ស្ថាប័ន អង្គភាពរដ្ឋនិងក្រុមហ៊ុនឯកជន ចំនួន២៣៥និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើនទៀតផងបាននាំថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់នានា ជូនមករដ្ឋបាល រាជធានីភ្នំពេញ។

លោក ហួត ហៃ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអរគុណចំពោះ រដ្ឋបាលខណ្ឌនិងសប្បុរសជន ទាំងអស់ដែលបាននាំយកអំណោយទាំងនេះជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះ មុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋជាជនភៀសសឹក។សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។

ដោយ៖សំរិត


ចែករំលែក៖