ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅ
ថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
ក្រសួងការពារជាតិ កម្ពុជា សូមធ្វើការបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា ”ខ្លួនរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃ”។
ក្រសួងការពារជាតិកម្ពុជា សូមច្រានចោលចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាទាំងស្រុង។ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្តជាពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ ពង្រឹង និងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក(ដ្រូន)គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច