ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ២០២៥ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនកុមារជនភៀស សឹករស់នៅក្នុងមណ្ឌលសុវត្ថិភាពនៅ ខេត្តព្រះវិហារជាមួយនិងបានបន្តផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារ ចំនួន៥កុងតឺន័រ ជូនដល់វីរៈកងទ័ពជួរមុខ វីរៈនគរបាលការពារនិងជនភៀសសឹក ទិសខេត្តព្រះវិហារ ។
សូមបញ្ជាក់ថា៖ មណ្ឌលសុវត្ថិភាព មានប្រជាពលរដ្ឋ ជាជនភៀសសឹកប្រមាណ១៣០០គ្រួសារ នារសៀលថ្ងៃ២៩ ខែធ្នូ ២០២៥ កុមារប្រមាណជាង១០០០នាក់នៅមណ្ឌលសុវត្ថិភាព ត្រូវបាន លោក ឯក ឃុនដឿន ក្រុមការងារចែកជូន អំណោយ ដែលមានដូចជា៖ នំ ទឹកដោះគោកូនក្មេង មី ស្កគ្រាប់ និងតុត្តាជាដើម ។ បន្ទាប់មកនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោក ឯក ឃុនដឿន បានបន្តប្រគល់អំណោយ រាប់សិបមុខសរុបចំនួន៥កុងតឺន័រទៀត ជូនកងពលតូចអន្តរាគមន៍ និងកងទ័ពជួរមុខខេត្តព្រះវិហារ ព្រមទាំងជន ភៀសសឹក ក្នុងនោះសំរាប់កងពលតូចអន្តរាគមន៍ និងភៀសសឹកទទួលបានអំណោយចំនួន ១កុងតឺន័រ ស្មើនិង២៤មុខមានដូចជា៖ ទឹកបរិសុទ្ធ អង្រឹង មី ភេសជ្ជៈចម្រុះ អីវ៉ាន់ចម្រុះ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ ធូបមូស+ថ្នាំបាញ់មូស អំបិល ម៉ាស ត្រីប្រឡាក់+ត្រីងៀត នំ ទឹកដោះគោចម្រុះ សាប៊ូ ស្ករស ប៊ីចេង សាប៊ូលាងចាន ថ្នាំពេទ្យអំបុក ឃីត ត្រីខ អាវរងា ត្រីងៀត និងគោងៀត។
ចំណែកកងទ័ពជួរមុខនិងជនភៀសសឹកទិសខេត្តព្រះវិ ហារ មានចំនួន៤កុងតឺន័រ ក្នុងនោះមួយកុងតឺន័រមានចំនួន១៥ មុខ មានដូចជា៖ទឹកបរិសុទ្ធ ភេសជ្ជៈចម្រុះមី អំបិល ត្រីប្រឡាក់+ត្រីងៀត នំ ,សាប៊ូ ,ស្ករស ,ប៊ីចេង,សាប៊ូលាងចាន ,ថ្នាំពេទ្យ ឃីត ,សៀង និងកាដុង។ចំណែក៣កុងតឺន័រទៀត ជាទឹកបរិសុទ្ធនិងភេជ្ជៈ ប្រមាណ១៥០០០កេស។
ក្នុងឱកាសនោះ តំណាងវីរកងទ័ពជួរមុខកងពលតូចអន្តរាគមន៍លេខ១២៨និងតំណាងកងទ័ពជួរមុខទិសខេត្តព្រះវិហារបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចជាការ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់វីរៈកងទ័ព ជួរមុខ និងភៀសសឹក។ ពិសេសឯកឧត្ដមអភិបាលតែងតែបានខិតខំខ្នះខ្នែងកៀរគរស្វែងរកមូលនិធិពីសប្បុរសជន មានប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនឯកជននានា ចូលរួមបរិច្ចាគធនធានតាមលទ្ធភាពរៀងៗខ្លួន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ ខេត្តព្រះវិហារគ្រប់កាលៈទេសៈ។
តំណាងវីរៈកងទ័ពជួរមុខទាំងអស់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ដាច់ខាត ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។
លោក ឯក ឃុនដឿន ក្នុងកាសនោះ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោក អភិបាលរាជធានីភ្នំពេញ និងសូមគោរពអរគុណ និងដឹងគុណ ចំពោះបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីតតាំង ជាមួយពួកឈ្លានពានទឹកដីកម្ពុជា ក្រោយពួកឈ្លានពាន បានធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្ទះ ស្ពាន ថ្នល់ ជាច្រើនផ្សេងទៀត។ លោក អភិបាលរងក៏ បានសូមបួងសួងឱ្យបងប្អូនវីរកងទ័ពជួរមុខនិងវីរៈកងនគរបាលជាតិយើងទាំងអស់សូមមានសុខ ភាពល្អនិងឈ្នៈអស់សត្រូវឈ្លានពានបូរណភាពទឹកដីកម្ពុជា៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច