ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រឡាញ់កូនប្រុសរបស់ស្ត្រីម្នាក់ក្លាយជាជម្លោះបង្កហិង្សាបណ្ដាលឱ្យរបួសធ្ងន់ស្រាលពីរនាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកម្លាំងដោយលោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការនគរបាលក្រុងច្បារមន បានស្រាវជ្រាវបង្ក្រាបករណីហិង្សាបង្ករបួសស្នាមរហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ដែលបានស្រលាញ់ប្រុសដូចគ្នា។

មន្ត្រីនគរបាលបានឲ្យដឹងថា ករណីទំនាស់ពាក្យសម្តីជាមួយម្តាយក្មេងប្រុសដែលបុរសនោះស្រលាញ់ គឺគេបានយកដែកចុងស្រួចចាក់បណ្តាលឱ្យម្តាយក្មេងប្រុសនិងបុរសម្នាក់ទៀតរងរបួសធ្ងន់-ស្រាល។ ហេតុការណ៍ចាក់ជនរងគ្រោះបង្ករបួសស្នាមនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ គង់ សេដ្ឋារ៉ា  ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិមុខខេត្ត  សង្កាត់រកាធំ ក្រុងច្បារមន បានខឹងនឹងស្ត្រីឈ្មោះ ជា រតនា អាយុ៤៣ឆ្នាំ ត្រូវជាម្តាយក្មេងប្រុសឈ្មោះ គ ល ម អាយុ១៣ឆ្នាំត្រូវជាសិស្សរបស់ជនសង្ស័យ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ឈ្មោះគង់ សេដ្ឋារ៉ា ជាជនបង្ក ( ប្រុសស្រលាញ់ប្រុស ) បានជិះឡំប្រឺតាទៅជួបសង្សាររបស់ខ្លួនឈ្មោះគ ល ម ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ  ហើយក៏បានទាស់សម្ដីគ្នាជាមួយឈ្មោះជា រតនា ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាម្ដាយរបស់ឈ្មោះ គ យ ល រួចឈ្មោះគង់ សេដ្ឋារ៉ា បានយកកាំបិតចិតបន្លែ ចាក់ឈ្មោះជា រតនា ត្រូវចំពោះនិងក្រោមចង្កាខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

នៅក្នុងហេតុការណ៍ប្រតាយប្រតប់គ្នានោះ ឈ្មោះយោង ប៊ន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិជាមួយគ្នាក៏ បានចូលទៅជួយឃាត់តែត្រូវឈ្មោះ គង់ សេដ្ឋារ៉ា ចាក់ត្រូវចំកែងដៃឆ្វេងនិងស្មា (រងរបួស-ស្រាល) ហើយជនដៃដល់បានរត់គេចខ្លួនបាត់ ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម ផ្នែកនគរបាលយុត្តិធម៌សហការជាមួយប៉ុស្ដិ៍ស្វាយក្រវ៉ាន់ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនឈ្មោះ គង់ សេដ្ឋារ៉ា  យកមកសាកសួរហើយជននេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ជនរងគ្រោះទាំង២នាក់ប្រាកដមែន មូលហេតុ ទំនាស់ពាក្យសម្ដីគ្នា។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋានខេត្តដើម្បីសាកសួរនិងបន្តនីតិវិធី៕


ចែករំលែក៖