ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានដូចខាងក្រោម៖

១. នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីកម្ពុជា-ថៃ-ចិន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើ ឡើងនាថ្ងៃដដែល នៅខេត្តយូណាន ប្រទេសចិន។ ក្នុងបទសម្ភាសន៍ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី អំពីការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងជម្លោះកម្ពុជា-ថៃនាពេលថ្មីៗនេះ ត្រូវបានយកមកផ្សព្វផ្សាយខុសពីបរិបទ ដែលបណ្តាលឱ្យមានការយល់ច្រឡំចំពោះសេចក្តីថ្លែងការណ៍ របស់ លោកឧបនាយករដ្ឋមន្ត្រី និងមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានសុំការបំភ្លឺ។

២. ទាក់ទងនឹងការរក្សាបាននូវបទឈប់បាញ់ដ៏យូរអង្វែង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាប្រចាំនៅកម្រិតរដ្ឋមន្ត្រី ការបរទេស និងរវាងយោធាកម្ពុជា និងថៃ ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង ដែលមិនចាំបាច់ ដោយសារឧប្បត្តិហេតុតូចតាច ដូចជាការរាយការណ៍អំពីការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក ឆ្លងព្រំដែន ដែលភាគីទាំងពីរអាចផ្ទៀងផ្ទាត់បានភ្លាមៗ ដើម្បីបញ្ចៀសការយល់ច្រឡំ។

៣. លោក ប្រាក់ សុខុន មិនបានលើកឡើងពីឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើក ជាក់លាក់ណាមួយ ឬចំនួនយន្តហោះគ្មានមនុស្សបើក ដូចដែលបានរាយការណ៍បំភាន់ពីសំណាក់ ប្រព័ន្ធផ្សព្វផ្សាយ និងបទអត្ថាធិប្បាយមួយចំនួននោះឡើយ៕

ដោយ៖តារា


ចែករំលែក៖