ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងឆ្នាំសកលផុត បុរសម្នាក់ដើរឆ្លងលូអត់ផុត ផុងធ្លាក់បាត់ខ្លួន៩ម៉ោង ទើបរកសពឃើញនៅឆ្នេរអូរឈើទាល

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចក្រុងព្រះសីហនុឲ្យដឹងថា បុរសម្នាក់ បានដើរធ្លាក់ចូលក្នុងទឹកលូ (បាត់ខ្លួន) ដែលនៅជាប់បន្ទប់ទឹកលេខ១ ឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដែលទើបតែឆ្លងឆ្នាំសកល ផុតជាង១ម៉ោងតែប៉ុណ្ណោះ ។

ប្រភពពីម្ចាស់អាហារដ្ឋានមួយកន្លែងនៅឆ្នេរអូរឈើទាល ត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ច ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ស៊ុន តុលា អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ជាភ្ញៀវទេសចរណ៍ ។ ជនរងគ្រោះបានដើរឆ្លងកាត់លើគម្របលូ ហើយបានជាន់ដែកគម្របលូ ផុងធ្លាក់ចូលទៅក្នុងទឹកលូបាត់លិចបាត់ តាំងពីម៉ោង១ជាង ផ្អើលដល់សមត្ថកិច្ច និងក្រុមសង្គ្រោះ ចុះមកអន្តរាគមន៍ជួយសង្គ្រោះ ប៉ុន្តែរកមិនទាន់ឃើញនៅឡើយ ។

សមត្ថកិច្ចក្រុងព្រះសីហនុ បានបញ្ជាក់ថា រយៈពេល៩ម៉ោង ពោលគឺរហូតមកដល់ម៉ោងជាង១០ព្រឹកថ្ងៃ០១ ខែមករា ឆ្នាំ២០២៦នេះ ទើបក្រុមជួយសង្គ្រោះ ស្វែងរកឃើញសាកសពបុរសរងគ្រោះហើយ ៕


ចែករំលែក៖