ភ្នំពេញ ៖ ដោយតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាជនភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះ។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅបរិវេណសាលាខេត្តព្រះវិហារ ដែលអំណោយរួមមាន៖
• ជូនរដ្ឋបាលខេត្តព្រះវិហារ៖ អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស។
• ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ៖ ភួយចំនួន ១,៥០០ សម្រាប់ត្រៀមបន្តចែកជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានចាត់មន្ត្រីនាំយកស្បៀង និងភេសជ្ជៈ ទៅផ្តល់ជូនរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា នៃខេត្តចំនួនពីរ គឺខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ រួចរាល់ហើយដែរ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមជូនពរដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់សូមប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅចំពោះការជឿជាក់ និងការគាំទ្រជាបន្តបន្ទាប់ចំពោះសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈការឧបត្ថម្ភជាថវិកា ស្បៀងអាហារ និងសម្ភារៈផ្សេងៗ ដើម្បីជួយសង្គ្រោះ និងគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ជាពិសេសប្រជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានា៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច