ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​ឆ្មក់​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​នៅ​ក្បែរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​វ​ល្លិ៍​ស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃឆ្មក់បង្ក្រាបទីតាំងហ្គេមបាញ់ត្រី នៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវល្លិ៍ស ចាប់បានតែម្ចាស់ផ្ទះជួល ឯម្ចាស់ហ្គេមបានរត់គេចខ្លួនបាត់ ខណៈដែលទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយនេះគ្មានសមត្ថកិច្ចខេត្តកំពង់ស្ពឺណាធ្វើការបង្ក្រាបសោះ ដោយសារតែមានមន្ត្រីនគរបាលខេត្តម្នាក់កាង ។

ហេតុការណ៍មួយនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវល្លិ៍ស ស្ថិតនៅក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីនគរបាលក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះដែលជួលឲ្យគេដាក់ល្បែងហ្គេមបាញ់ត្រីឈ្មោះ សាន រឺន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវបានគាត់ខ្លួនដើម្បីសាកសួរ ។

ប្រភពបន្តថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានទីតាំងហ្គេមបាញ់ត្រីដាក់លេងជាយូរខែណាស់មកហើយដែលពង្វក់សិស្សានុសិស្សមិនឲ្យចូលសាលា និងមានខ្នងបង្អែកគ្រាក់ៗនៅពីក្រោយខ្នងទៀតនោះ កម្លាំងនគរបាលក្រសួងបានធ្វើការស្រាវជ្រាវរហូតឈានចុះទៅបង្ក្រាបតែម្តង ។

បើតាមសម្តីរបស់ឈ្មោះ សាន រឺន ជាម្ចាស់ផ្ទះជួលខាងលើបាននិយាយប្រាប់ក្រុមអ្នកកាសែតឲ្យដឹងថា គាត់បានជួលផ្ទះខាងក្រោមផ្នែកខាងក្រោយឲ្យទៅឈ្មោះ ស្រី នាង អាយុប្រហែល៣៤ឆ្នាំ រស់នៅក្នុងភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដាក់ហ្គេមបាញ់ត្រីក្នុង១ខែ១០០ដុល្លា ហើយស្រីនាងបាននិយាយប្រាប់គាត់ថា កុំបារម្ភអីគ្មានអ្នកណាហ៊ានចាប់ទេ បើគេចាប់រូបគេជាអ្នកដោះស្រាយ ។ ដោយជឿនឹងសម្តីរបស់ស្រីនាងដែលអះអាងថាគ្មានរឿងអ្វី ដោយសារតែគេបានត្រូវរ៉ូវជាមួយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តកំពង់ស្ពឺ រួមនិងអាជ្ញាធរមូលដ្ឋានអស់ហើយនោះ ។

ប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបប្រាប់ថា ទីតាំងហ្គេមបាញ់ត្រីនេះលួចលាក់ពង្វក់សិស្សសាលាជាយូរខែណាស់មកហើយម្ចាស់ហ្គេមនេះមានខ្នងធំៗណាស់ ថែមទាំងមានមន្ត្រីនគរបាលខេត្តម្នាក់ ជាអ្នកកាងទៀតផង ហើយទីតាំងនេះនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវល្លិ៍សទៀតផង សង្ស័យអស់លោកសមត្ថកិច្ចមូលដ្ឋានឃុំ អធិការស្រុកសំរោងទង រួមនឹងសមត្ថកិច្ចទូរទាំងខេត្តកំពង់ស្ពឺទទួលលាភសក្ការពីម្ចាស់ទីតាំងខាងលើដែរហើយទើបមិនបង្ក្រាបបែបនេះ សំណាងហើយនេះ បាននគរបាលក្រសួងមហាផ្ទៃលោកបង្ក្រាបទាន់ពេល ៕ សេនាស័ក្តិ

ser-2 ser ser-1


ចែករំលែក៖