ខេត្តបន្ទាយមានជ័យ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនលោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជាថ្មីម្តងទៀត ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងផ្តល់ជូនកងទ័ព។
អំណោយដែលបានយកប្រគល់ជូននាពេលនេះ មានដូចជា៖ ថវិកាចំនួន ២០លានរៀល, ម៉ូតូ(Wave)ចំនួន ២គ្រឿង, អំបុកចំនួន ៣តោន, សាច់ក្រកចំនួន ៣០០គីឡូក្រាម, ត្រីងៀតចំនួន ៨០០គីឡូក្រាម, ភេសជ្ជៈវីកូឡាចំនួន ១ ០០០កេស និងគ្រឿងឧបភោគបរិភោគជាច្រើនមុខផ្សេងទៀត។
ដោយឡែកអំណោយ ដែលត្រូវផ្តល់ជូនកងទ័ពប្រចាំទិសខេត្តបន្ទាយមានជ័យរួមមាន៖ ថវិកាចំនួន ១៣០លានរៀល(សម្រាប់អង្គភាពចំនួន ១៣) និងម៉ូតូ(Wave)ចំនួន ១៣គ្រឿងជាដើម។ បន្ថែមពីនេះ ក៏មានអំណោយសម្រាប់ប្រគល់ជូន លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀងផងដែរ។
នាឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងបានជួយដោះស្រាយទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកទៅតំបន់មានសុវត្ថិភាព និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាដល់ការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ការស្នាក់នៅជាបណ្តោះអាសន្ន។
ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះគឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ដែលរដ្ឋបាលខេត្តមានតម្រូវការជាច្រើនយកទៅដោះស្រាយតាមតម្រូវការជាក់ស្តែង។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីស្មារតីគាំទ្រ និងការជឿជាក់យ៉ាងមោះមុតរបស់ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងនិយោជកនៅទូទាំងប្រទេស លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ឱ្យបានសុខសន្តិភាព។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការតស៊ូអត់ធ្មត់ និងការខិតខំយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្តដែលកំពុងមានភារកិច្ចក្នុងការថែរក្សាជនភៀសសឹកនាពេលនេះ គឺជាកម្លាំងដ៏រឹងមាំក្នុងការជួយបង្កើនទឹកចិត្ត និងរក្សាក្តីសង្ឃឹមនៅជាប់ជាមួយបងប្អូនជានិច្ច ព្រមទាំងឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ ដែលធ្វើឱ្យបងប្អូនភៀសសឹកមិនមានអារម្មណ៍ឯកោឡើយ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត លោក ឌិត ទីណា និងលោក អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាននាំមកជាអំណោយនាពេលនេះ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច