ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ! ការប្រកួតកីឡា ប៉េតង់ មិត្តភាព អបអរសាទរខួបលើកទី ៤៧ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ – ៧ មករា ២០២៦នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក រស់ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធីការប្រកួតកីឡា ប៉េតង់ មិត្តភាព អបអរសាទរខួបលើកទី ៤៧ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ – ៧ មករា ២០២៦ នៅទីលានកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងស្វាយរៀង។

ថ្លែងនៅក្នុងពិធីបើកការប្រកួត ប៉េតង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧មករា  នៅទីលានកីឡដ្ឋានខេត្ត  លោក រស់ផារិទ្ធ អភិបាលរងខេត្ត បានសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយជាមួយកីឡាករទាំងអស់ក្នុងកម្មវិធីប្រកួតនេះ ដែលជាឱកាសដ៏វិសេសវិសាល នៃជីវិតរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ព្រោះថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបានអស់មួយជីវិត ហើយក៏ជាប្រវត្តិសាស្រ្តដ៏ជូរចត់ ឈឺចាប់ខ្លោចផ្សា។

លោកអភិបាលរងខេត្ត បានបន្តថា មហាវិនាសកម្មនេះ សូមប្អូនៗ ក្មួយៗ កូនចៅ ជំនាន់ក្រោយ ត្រូវតែចង់ចាំ ដើម្បីផ្សព្វផ្សាយបន្ត ដល់មនុស្សជំនាន់ក្រោយទៀត សំដៅធ្វើឱ្យថ្ងៃ ៧ មករាស្ថិតនៅជាអមតៈក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗជំនាន់ ។

លោក បានថ្លែងនូវការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ គណៈកម្មការរៀបចំការប្រកួតដែលបានខិតខំរៀបចំការប្រកួតនេះប្រព្រឹត្តទៅដោយរលូន តាមរយៈការរៀបចំឱ្យមានការប្រកួត ប៉េតង់ មិត្តភាព នេះហើយដែលធ្វើអោយវិស័យកីឡា ក្នុងខេត្ត មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លោក បានបន្តថា  ដោយសារនយោបាយឈ្នះៗ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានធ្វើឱ្យប្រទេស កម្ពុជាមានសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីរាជធានី ទៅបណ្តា ខេត្តនានាទូទាំងប្រទេសធ្វើឱ្យប្រជាជនកម្ពុជាមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នា មានសេរីភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី។ ពេលនេះយើងបាន ឈានចូលឆ្នាំ ២០២៦ ដែលជាឆ្នាំទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារប្រជាជន និងបូរណភាពទឹកដី។

លោក បានមានប្រសាសន៍បន្ថែមថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាព មិនពិបាកទេ តែការបង្កើត សន្តិភាពគឺពិបាកណាស់ ពុំនោះសោតរាប់ដំណរមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ ហេតុនេះយើងទាំងអស់គ្នាត្រូវ សាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សស្ថិតស្ថេរ។

សរុបសេចក្តីមកស្មារតី៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនខ្មែរក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

សូមបញ្ជាក់ថា ក្នុងកម្មវិធី ការប្រកួតកីឡា ប៉េតង់ មិត្តភាព អបអរសាទរខួបលើកទី ៤៧

ទិវាជ័យជម្នះ ៧ មករា ១៩៧៩ – ៧ មករា ២០២៦នាពេលនេះ គឺមានការឧបត្ថម្ភ ថវិកាពីសំណាក់ លោក ប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀងផងដែរ៕

ដោយ៖សុថាន


ចែករំលែក៖