ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ទទួលធុងសំរាម៣០០ធុងពីសប្បុរសជន ដើម្បីយកទៅប្រើប្រាស់ក្នុងគោលដៅ អនាម័យ បរិស្ថានល្អ 

ចែករំលែក៖

ភ្នំពេញ៖ ធុងសំរាមចំនួន៣០០ធុងត្រូវបានសប្បុរសជនយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗ មួយចំនួននៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យរាជធានី សាកសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហូបស្អាត រស់នៅស្អាត បរិស្ថានស្អាត អនាម័យស្អាត សេវាល្អ ។

ពិធីប្រគល់ ទទួលអំណោយនេះនៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ក្រោមវត្តមាន លោក ហួត ហៃ ,លោក ឯក ឃុនដឿន និងលោក ឆាយ វីរៈ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាង សប្បុរសជន Khmer Beverages នៅសាលារាជធានីភ្នំពេញ។

លោក ហួត ហៃ បានបញ្ជាក់ថា៖ ធុងសំរាមទាំង៣០០ធុងនេះ ជារបស់ក្រុមហ៊ុន Khmer Beverages ប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានីយកទៅប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ លោក ហួត ហៃ បានបញ្ជាក់ថា៖ សម្រាប់ធុងសំរាមទាំង៣០០ធុងនេះ មួយចំនួន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យយកទៅដាក់នៅលើផ្លូវថ្មើជើងចតុមុខ(Walk street) និងមួយចំនួនទៀតយកទៅដាក់នៅវិមានឈ្នះ ឈ្នះ សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមានអនាម័យ និងបរិស្ថានល្អ។ លោក ហួត ហៃ ក៏បានអរគុណចំពោះសប្បុ រសជន Khmer Beverages ដែលបាននាំយកធុងសំរាមមកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅដាក់តាមគោលដៅសំខាន់ៗ មួយចំនួននៅក្នុងរាជធានីភ្នំពេញ តាមការគ្រោងទុក ៕

ដោយ៖សំរិត


ចែករំលែក៖