ខេត្តក្រចេះ៖ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារលើគ្រប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៥ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះត្រួតពិនិត្យ និងបង្ក្រាបទល្មើសនេសាទចំនួន ៣៤លើក ដោយបង្ក្រាបបានចំនួន ៦១ករណី និងបានបញ្ជូនសំណុំរឿងទៅតុលាការ ៦ករណី។
បើតាមការបញ្ជាក់ពីមន្ទីរកសិកម្មខេត្តក្រចេះ បានឱ្យដឹងថា ដោយមានកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពក្រុង ស្រុក ក្រុមឆ្នាំទន្លេ សហគមន៍នេសាទ និងស្ថាប័នពាក់ព័ន្ធ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅក្នុងដែននេសាទ តាមបណ្តាក្រុង/ស្រុក និងដែននេសាទក្នុងតំបន់ អភិរក្សផ្សោត និងជីវចម្រុះជលផលជាប្រចាំ។
ដោយសមត្ថកិច្ចចម្រុះបានបង្ក្រាប និងធ្វើការរុះរើ និងបំផ្លាញចោលនូវវត្ថុតាងបទល្មើសនេសាទ រួមមាន របាំងព្រួលស្បៃមុងចំនួន ១៥៧ខ្សែ ប្រវែង ១៤,០១០ម៉ែត្រ លូស្បៃមុង ១៧៩មាត់លូ របាំងសាច់អួននីឡុង ២០ខ្សែ ប្រវែង ២,២៨០ម៉ែត្រ លបសាច់អួននីឡុងចំនួន ៣៣គ្រឿង មងពាំងព្រែកបាង ៣កន្លែងមានប្រវែង ៥០ម៉ែត្រ របាំងព្រួលឫស្សីទាំងអួតព្រែក ២កន្លែង ព្រួលឫស្សីប្រវែង ៥៥ម៉ែត្រ ស្មើនឹង ២៧ផែន លបឫស្សីចំនួន ១៣គ្រឿង ប្រើស១០០ ចំនួន ១៥គ្រឿង និងបានដកហូតឧបករណ៍នេសាទល្មើសច្បាប់ មធ្យោបាយ និងសម្ភាររួមផ្សំ មករក្សាទុកនៅផ្នែករដ្ឋបាលផលផលព្រែកប្រសព្វ ឧបករណ៍ឆក់ត្រីប្រភេទក្តៅ ១គ្រឿង ចំពាស់ដងឆក់មានភ្ជាប់ជាមួយខ្សែភ្លើងប្រវែង ១០ម៉ែត្រ ចំនួន ២គូ អាគុយចំនួន ៣គ្រឿង ទូកម៉ាស៊ីនស្មាច់ចំនួន ១គ្រឿង ទូកម៉ាស៊ីនឈើ ១គ្រឿង បង្គោលចប្រឹងប្ញស្សីចំនួន ២,៣៧០ដើម ចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ៨៤៦គីឡូក្រាម ចូលទៅក្នុងដែនទឹក ធម្មជាតិវិញ ដកហូតឧបករណ៍នេសាទឈ្លក់ ៥វង់ និងរបាំងព្រលសាច់អួនបាំងដាក់ឈ្លក់ប្រវែង ១,៥០០ម៉ែត្រ ដកហូតឧបករណ៍នេសាទឆក់ត្រីអាំងវែកទ័រឆក់ត្រីប្រភេទក្តៅចំនួន ១គ្រឿង អាគុយ ១២វ៉ុល ៤០អំពែ ១គ្រឿង៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច