ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីជំនួបធុរកិច្ច សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥ ដែលការជួបជុំនេះគឺ ដើម្បីពង្រឹងនិងពង្រីកបណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធ ចែករំលែកនូវបច្ចុប្បន្នភាពថ្មីៗអំពីការវិវត្តនៃវិស័យទេសចរណ៍ក្នុងតំបន់ និងសកលលោក។
ក្នុងឱកាសនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម “ខ”, ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា, លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោកស្រីតំណាងធនាគារជាតិនៃកម្ពុជា, ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, តំណាងសមាគមសណ្ឋាគារ, សមាគមភោជនីយដ្ឋាន, សមាគមមគ្គុទ្ទេសក៍ទេសចរណ៍, សមាគមសហគ្រិនវ័យក្មេង, និងតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ លោក លោកស្រី មកពីផ្នែកឯកជន, ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឧកញ៉ា លោក លោកស្រី តំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជា ថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ នាពេលកន្លងមក ដើម្បីជួយដល់វីរកងទ័ព និង បងប្អូនប្រជាពលរដ្ឋភៀសសឹក។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានគោរពដឹងគុណ កត់ត្រាទុក និងចងចាំទុកនូវកាយវិការដ៏សប្បុរសនេះ ដែលយើងរួមគ្នាក្រោមដំបូលរបស់រាជរដ្ឋាភិបាល នៅក្នុង «រដូវកាលសាមគ្គីភាព» ឬ (Solidarity Season) ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងនាមមហាគ្រួសារវិស័យទេសចរណ៍, យើងខ្ញុំប្រកាសគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ នូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។ ចំណែកមួយផ្នែកទៀត, យើងក៏ត្រូវបន្តនិរន្តភាពការងារតាមវិស័យដែលជាសមត្ថកិច្ចរបស់យើង ដោយបំពេញការងារក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម, ដើម្បីធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិ ដែលបាននិងកំពុងប្រឈម។
ក្នុងពិធីដ៏មានអត្ថន័យនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ចេញនូវសសរស្តម្ភយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការចំនួន៦ របស់ក្រសួងទេសចរណ៍, វិស័យឯកជន បានដើរតួនាទីគន្លឹះយ៉ាងសំខាន់ក្នុងការជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយកិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និង ការនាំយកភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី ពិតជាគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តវិស័យឯកជន រៀបចំជំនួបធុរកិច្ចឱ្យបានកាន់តែច្រើន ដែលនឹងជួយជំរុញការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុន និងចែករំលែកឱកាសនៃការវិនិយោគកាន់តែទូលំទូលាយជាងមុនផងដែរ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច