ខេត្តសៀមរាប៖អនុវត្តបទបញ្ជាពីឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងមានការសម្របសម្រួលនីតិវិធីដោយលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តនៅវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយ កម្លាំងមូលដ្ឋានស្រុក ដែលបានដឹកនាំផ្ទាល់ដោយ លោកឧត្ដមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះប្រតិបត្តការបង្រ្កាបរថយន្តដឹកជញ្ជូនលៀស ដែលសង្ស័យថាគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ចំនួន២ករណី ក្នុងស្រុកជីក្រែង និងស្រុកសូទ្រនិគម។
នេះបើតាមការឲ្យដឹងពីឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។ លោកឧត្តម សេនីយ៍ត្រី បានមានប្រសាសន៍បន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានរកឃើញថា ៖
១ .ជនសង្ស័យឈ្មោះ ភី សុភក្រ័ ភេទប្រុស អាយុ ៣៦ ឆ្នាំ សញ្ជាតិខ្មែរ ដឹកជញ្ជូនលៀសគ្មានលិខិតអនុញ្ញតដឹកដោយរថយន្តម៉ាក សាំយ៉ុង ពណ៌ បៃតងពាក់ផ្លាកលេខ ភ្នំពេញ 2H-3460 រស់នៅភូមិក្រចាប់ ឃុំ ព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្នុងនោះសមត្ថកិច្ចបានរកឃើញលៀស១៥០បេ ស្មើនឹង៧.៥០០គីឡូក្រាម។
២ .រថយន្តម៉ាក អុីស៊ុយស៊ុយ (ISUZU) ពណ៌ផ្ទៃមេឃពាក់ផ្លាកលេខ ចង្កូតស្តាំ KCHH-0056 ដឹកលៀសគ្មានលិខិតអនុញ្ញាតចំនួន ២១.២៥០គីឡូក្រាម និងមានផ្លាកលេខ ភ្នំពេញ 3B-0930 មិនប្រក្រតីចំនួន១គូនៅលើរថយន្តថែមទៀត ម្ចាស់រថយន្តរត់គេចខ្លួនបាត់ (ប្រើប្រាស់ឯកសារសាធារណ:ក្លែង)។
ឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ មានប្រសាសន៍បញ្ជាក់ថា ចំណាត់ការរបស់សមត្ថកិច្ច,ចាប់យកវត្ថុតាង ដែលមានលៀសទម្ងន់ ២៨,៧៥០Kg ចាក់ចូលក្នុងបឹង ទន្លេ សាបវិញ ស្ថិតនៅព្រែកឃ្លាំងមុខវត្តស្តីភូមិព្រែកស្រមោច និងភូមិតាច្រនាង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយមធ្យោបាយដឹកជញ្ជូន ០២គ្រឿង គឺកំលាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរៀបចំបញ្ជូនទៅមន្ត្រីខណ្ឌរដ្ឋបាលជលផលតាមនីតិវិធី ដើម្បីកសាងសំនុំរឿងចាត់ការបន្តទៅកាន់ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តសៀមរាប អនុវត្តទៅតាមច្បាប់ស្តីពីជលផលនៃព្រះរាជាណាចក្រកម្ពុជា៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច