«ក្នុងនាមជាប្រទេសជិតខាងរបស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធរបស់អាស៊ាន» ប្រទេសចិនដែលបានក្លាយជាដៃគូសន្ទនា និងជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ានតាំងពីឆ្នាំ១៩៩១មកបានយល់ច្បាស់ណាស់ថា ការប្រឈមមុខនឹងវិវាទព្រំដែនរវាងកម្ពុជានិងថៃដែលបានរំខានសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្យមានការភ័យខ្លាច ការបាត់បង់ជីវិត និងការផ្លាស់ទីរបស់ជនភៀសសឹករាប់សែននាក់។ ក្នុងបរិបទនេះ ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងនាមជាអ្នកគាំទ្រការស្តារទំនុកចិត្ត និងសន្តិភាពឡើងវិញរវាងទាំងពីរប្រទេសទាំងពីរ កម្ពុជានិងថៃ ដោយប្រទេសចិនចូលរួមដោយផ្ទាល់ពាក់ព័ន្ធនឹងការសម្របសម្រួល ការសង្កេតការណ៍ ការជជែកដោះស្រាយវិវាទដោយសន្តិភាព រួមទាំងការផ្តល់ទីតាំងសម្រាប់ការចរចារផ្លូវការជាមួយគ្នា។ ជាក់ស្តែង នៅក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសចិនបានដើរតួនាទីជាអ្នកសង្កេតការណ៍លើបទឈប់បាញ់ ហើយលើកទឹកចិត្តដល់សមភាគីទាំងពីរ កម្ពុជានិងថៃ រួមគ្នាពិភាក្សាឈរលើគោលការណ៍មិត្តភាព និងសហប្រតិបត្តិការ។
«ក្នុងនាមជាអ្នកផ្តួចផ្តើម និងជាប្រតិបត្តិករដ៏សកម្មលើកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ប្រទេសចិនបានតាមដាន និងបានទទូចដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ) នៅក្នុងការរក្សាភាពអត់ធ្មត់ និងទទួលយកយន្តការសម្របសម្រួលទាំងក្នុងកម្រិតទ្វេភាគី កម្រិតអាស៊ាន និងកម្រិតតំបន់ដោយប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមយ៉ាងសកម្មក្នុងដំណើរការបន្ថយតានតឹង និងសម្រាប់ការបញ្ឈប់ការប្រើប្រាស់កម្លាំងយោធា។ នៅក្នុងស្ថានភាពនៃការប៉ះទង្គិចគ្នា ប្រទេសចិនបានអំពាវនាវជាប់ជានិច្ច ហើយចិនបានប្រើប្រាស់នូវយន្តការតាមបែបផែនរបស់ខ្លួន ជាក់ស្តែង ថ្លែងក្នុងជំនួបទល់មុខខាងក្រៅកិច្ចប្រជុំកំពូលAPECឆ្នាំ២០២៥នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិន បានប្រាប់ទៅលោកប្រធានាធិបតីអាមេរិកថា ប្រទេសចិនក៏បានចូលរួមចំណែកតាមវិធីផ្ទាល់ខ្លួនជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដែរ។ ប្រទេសចិនតែងបានផ្តល់តម្លៃខ្ពស់ចំពោះការថែរក្សាសន្តិភាព និងបង្កើនការអភិវឌ្ឍ ដោយជំរុញកំណើនពាណិជ្ជកម្មរវាងចិននិងអាស៊ាន ព្រមទាំងក្របខណ្ឌទ្វេភាគីដូចជាចិននិងកម្ពុជា ចិននិងថៃ ជាដើម។
«ក្នុងនាមជាអ្នករួមចំណែកថែរក្សាសន្តិភាព និងជាគោរពយ៉ាងខ្ជាប់ខ្ជួនធម្មនុញ្ញអង្គការសហប្រជាជាតិ» ប្រទេសចិនដែលពោរពេញដោយហ្សែនសន្តិភាពនិយមបានប្រកាសគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងគាំទ្រដល់យន្តការសង្កេតការណ៍របស់អាស៊ានលើបទឈប់បាញ់ដែលដឹកនាំដោយម៉ាឡេស៊ី។ ក្នុងបរិបទនេះ ការគាំទ្រឥតងាករេរបស់ប្រទេសចិនបានក្លាយជាកតាលីករកាន់តែខ្លាំងបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ដោយផ្តើមចេញពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ធានារកបានដំណោះស្រាយរួមមួយ ដោយនាំយកនូវភាតរភាពវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងល្អរវាងកម្ពុជានិងថៃ។ ជាញឹកញាប់ ក្រុមការងាររបស់ស្ថានទូតចិនប្រចាំកម្ពុជាបានចុះទៅពិនិត្យផ្ទាល់ដល់ស្ថានភាពជាក់ស្តែងនៅព្រំដែន ទាំងក្នុងកម្រិតអនុព័ន្ធយោធា និងទាំងកម្រិតឯកអគ្គរដ្ឋទូត ដើម្បីធ្វើឱ្យប្រាកដថា ដំណើរការវិលត្រឡប់មកកាន់ស្ថានភាពសន្តិភាព វិបុលភាព និងសុខដុមភាពរវាងប្រជាជាតិសមភាគីទាំងពីរ (កម្ពុជានិងថៃ)។
«ក្នុងនាមជាអ្នកសម្របសម្រួល និងជាអន្តរការីការទូតប្រកបដោយឥទ្ធិពល» ប្រទេសចិនបានដើរតួនាទីកាន់តែសកម្មជាងមុន ដោយចាប់ពីថ្ងៃទី១៨ ដល់ទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក Deng Xijun ប្រេសិតពិសេសសម្រាប់កិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បានធ្វើដំណើរមកកម្ពុជានិងថៃ ដើម្បីនាំយកស្ថានភាពល្អប្រសើរជូនដល់ប្រទេសទាំងពីរ ក្រោយពេលស្ថានភាពព្រំដែនបានប្រែជាស្រអាប់ឡើងវិញនៅដើមខែធ្នូ ឆ្នាំ២០២៥ រហូតឈានដល់ការប្រយុទ្ធគ្នាជាថ្មី្មម្តងទៀត។ «អាទិភាពបន្ទាន់បំផុត គឺការសម្រេចឲ្យបានបទឈប់បាញ់ភ្លាមៗ បញ្ឈប់ការប្រយុទ្ធ និងការបន្តការសន្ទនាដើម្បីដោះស្រាយជម្លោះព្រំដែនតាមរយៈមធ្យោបាយសន្តិភាព» ជាក្តីបំណងរបស់ប្រទេសចិនដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងគាំទ្រតួនាទីសំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការតាមដានបទឈប់បាញ់ ហើយប្រទេសចិននៅបន្តជំហានរបស់ខ្លួនជាពីមួយដំណាក់កាលទៅដំណាក់កាលបន្តបន្ទាប់ដើម្បីធានានាំយកវិបុលភាពជូនដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ)។ ដោយផ្តើមចេញពីរបត់នេះ បទឈប់បាញ់ជាបន្ទាន់មួយត្រូវបានលេចចេញជារូបរាងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជានិងថៃ ដោយមានប្រទេសចិនបន្តកិច្ចខិតខំរបស់ខ្លួនលើវិស័យការទូត ហើយជាលទ្ធផលជំនួបត្រីភាគីរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសកម្ពុជា-ប្រទេសចិន-ប្រទេសថៃ ត្រូវបានរៀបចំឡើងនៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
«ក្នុងនាមជាអ្នកនាំសារសន្តិភាព និងជាមិត្តដ៏គួរឱ្យទុកចិត្ត» ប្រទេសចិនបានបន្តការពិភាក្សាពីសន្តិភាពដែលជាមូលដ្ឋានសម្រាប់សមភាគីទាំងពីរទទួលយកប្រទេសចិនក្នុងនាមជាអ្នកជួយសម្របសម្រួល ជាមិត្តល្អ និងជាអ្នកជិតខាងដែលផ្តល់គុណតម្លៃដល់ប្រសិទ្ធភាពនៃយន្តការការទូតសន្តិភាព ដោយប្រទេសចិនបានរំលេចពីការអនុវត្តវិធីសាស្ត្រសម្របសម្រួលដែលមិនបង្កការរំខាន មិនប្រកួតប្រជែង និងមិនមានលក្ខណៈអធិបតេយ្យនិយម ក្នុងការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយបានបង្ហាញជាសាធារណៈក្រោយជំនួបរួមគ្នារបស់រដ្ឋមន្ត្រីការបរទេសប្រទេសកម្ពុជា-ប្រទេសចិន-ប្រទេសថៃ ដែលនេះជាឥរិយាបថឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ប្រទេសចិនក្នុងនាមជាប្រទេសមហាអំណាចមួយដែលមានទំនួលខុសត្រូវខ្ពស់លើកិច្ចកសាងសហគមន៍ដែលមានវាសនារួមគ្នានៃមនុស្សជាតិ ដោយតាមរយៈនេះ យើងក៏ឃើញពីលទ្ធផលល្អប្រសើរដែលប្រទេសកម្ពុជាទទួលបានត្រឡប់មកវិញនូវវីរៈកងទ័ពទាំង១៨រូបរបស់ខ្លួន ស្របទៅនឹងយន្តការនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ទាំងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងទាំងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសចិន។ ភ្លាមៗ ស្របពេលជំនួបត្រីភាគីទើបបិទបញ្ចប់ នៅថ្ងៃដដែល គឺថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសចិនគឺជាប្រទេសដំបូងគេជួយដល់ជនភៀសសឹកកម្ពុជា ដែលបានផ្តល់ជំនួយមនុស្សធម៌លើកទី១មកដល់កម្ពុជា និងបន្តផ្តល់ជំនួយមនុស្សធម៌លើកទី២នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
ជារួមនៅក្នុងដំណោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃក្នុងឆ្នាំ២០២៥កន្លងមក ប្រទេសចិនបានដើរតួនាទីនៅក្នុងកម្រិតសកល និងទទួលខុសត្រូវក្នុងនាមជាមហាអំណាចនៅក្នុងតំបន់ ដោយគោរពបានគុណតម្លៃរួមរបស់តំបន់និងពិភពលោកក្នុងការលើកទឹកចិត្តដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ)ទទួលនិងអនុវត្តឱ្យមានស័ក្តិសិទ្ធិភាពលើការកសាងសន្តិភាព និងថែរក្សាសន្តិភាពឱ្យយូរអង្វែង ហើយធានាជូនសមភាគីទាំងពីរក្នុងការពិភាក្សា និងសហការជាដៃគូរួមគ្នាដើម្បីស្ថាបនាទំនុកចិត្តរវាងគ្នានិងគ្នាឡើងវិញ ហើយតាមរយៈការចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងការគាំទ្រការចរចារដោយសន្តិភាព ដោយមានប្រទេសចិនជាអន្តរការីដ៏មានឥទ្ធិពល នោះតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសទាំងប្រទេសកម្ពុជា និងទាំងប្រទេសថៃ នឹងខិតខំរួមគ្នាបន្តការស្តារទំនុកចិត្ត និងរួមគ្នាថែរក្សាគុណតម្លៃនៃសន្តិភាពដើម្បីវិបុលភាពរួមសម្រាប់ប្រទេសទាំងពីរនិយាយដោយឡែក សម្រាប់អាស៊ាន និងពិភពលោកនិយាយរួម៕

ដោយ៖ បណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច