ខេត្តកោះកុង៖ គំនរសំរាមដែលស្អុយ រលួយបានបង្ហាញតាមដងផ្លូវក្រាលកៅស៊ូ ពីភូមិ៤ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ឆ្នេរបឹងកាយាក ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីបង្អួត ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមក កម្សាន្តនៅលើទឹកដីនៃខេត្តកោះកុងក្នុង ឱកាសមានពិធីបុណ្យសម្រាកនៅថ្ងៃសៅរ៍អាទិត្យខាងមុខនេះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកោះកុងបានរិះគន់ថាគំនរសំរាមដែលមាន សភាពស្អុយរលួយនៅតាមដងផ្លូវខាងលើនេះបានលេចរូបរាងដើម្បីបង្អួតភ្ញៀវទេសចរ។ ក្រុមអាជីវករជាច្រើនដែលលក់ដូរ បាននិងកំពុងរំពឹងទុកថានឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនអាចមកកម្សាន្តនៅខេត្តកោះកុងដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិជាច្រើនហើយតំបន់ទេសចរណ៍បឹងកាយាកព្រៃកោងកាងនិងតំបន់ឆ្នេរខ្សាច់តាមកោះជាច្រើនក៏ជាតំបន់មួយដែលអាចទាក់ទាញភ្ញៀវទេសចរបានមិនតិចនោះដែរ។តែស្របគ្នានេះគេបែរជា ឃើញគំនរសំរាមស្អុយរលួយកំពុងចាំស្វាគមន៍ភ្ញៀវទេសចរទៅវិញ។
ជុំវិញបញ្ហានេះពលរដ្ឋក៏ដូចជាក្រុមអាជីវករបានរិះគន់ទៅលើអាជ្ញាធរក្រុងនិងខេត្តកោះកុងថា មិនមានការយកចិត្តទុកដាក់ក្នុងការថែរក្សាបរិស្ថានភូមិស្រុករបស់ខ្លួនទាល់តែសោះដោយសារតែសំរាមទាំងនេះមិនអាចផ្តល់ប្រយោជន៍ហើយមើល ទៅ?
ការរិះគន់ខាងលើនេះដែរលោក លឹម ឌី ចៅសង្កាត់ដងទង់បានថ្លែងថាការងារ ដឹកជញ្ជូនសំរាមសម្អាតអនាម័យគឺនៅលើសាលាក្រុងពីព្រោះសាលាក្រុងគាត់មាន ខ្ទង់ថវិកាជាកញ្ចប់ពីក្រសួងបរិស្ថាន ។
ចំណែកលោក ធូរ វិបុល អភិបាលក្រុងខេមរភូមិន្ទបានថ្លែងប្រាប់ភ្នាក់ងារយើងថា កន្លងមកលោកធ្លាប់ផ្លាស់ប្តូរកន្លែងដាក់សំរាមពីរដងហើយមកពីប្រជាពលរដ្ឋគាត់យកសំរាមមកចាក់ចោលនៅក្រៅធុង។លោកនឹងមានវិធានការរកកន្លែងណាមួយដាក់ធុងសំរាមនៅសល់ប៉ុន្មានគឺឲ្យប្រជា ពលរដ្ឋដាក់ធុងសំរាមតាមផ្ទះហើយឲ្យរថយន្តដឹកសំរាមទៅប្រមូលហើយវិធានការទាំងនេះចាំលោកមកពីប្រជុំនៅភ្នំពេញវិញ ៕ សហការី