ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានគេនិយមលេងភ្នាល់តាមប្រព័ន្ធOnline ក្នុងគោលបំណងបំភ័ន្តភ្នែកសមត្ថកិច្ច។ ការលេងល្បែងតាមប្រព័ន្ធអីុនធើណេត មានដូចជាការលេងភ្នាល់បាល់កន្ទុយលេខ ជាដើម។ ការលេងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធទំនើបOnlineនេះទៀតសោតភាគច្រើនជាក្រុមក្មេងជំទង់ជាក្រុមញៀនល្បែងភ្នាល់ខណៈដែលរដូវបាល់ទាត់កំពុងមានការប្រកួតយ៉ាងកក្រើក។ ក្នុងនោះគេសង្កេតឃើញទីតាំង2888NET Inernet24h ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យកំពុងពង្វក់ សិស្សសាលានិងក្មេងទំនើងឲ្យលេងល្បែងភ្នាល់មួយយប់ទល់ភ្លឺអាជ្ញាធរខណ្ឌមាន ជ័យគួរតែពិនិត្យបញ្ហាទីតាំងមួយនេះ។
បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញគេ សង្កេតឃើញកើតមានសកម្មភាពលួច ឆក់ ប្លន់គួរឲ្យកត់សម្គាល់ផងដែរ។ ដោយ ឡែកទីតាំង2888NET Internet24h ស្ថិតនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ភូមិ ប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យក៏ជាទីតាំងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអីុនធើណេត ពង្វក់ក្មេង យុវជន យុវតី គេចសាលាមិនបានចូលរៀនដែលអាជ្ញាធរមូលដ្ឋានហាក់បីដូចជាមើលរំលង។
ប្រភពពីអ្នករត់ម៉ូតូឌុបនៅទីនោះបានឲ្យដឹងថា គាត់មិនបានដឹងថានៅខាងក្នុងគេបើកលេងអ្វីនោះទេ ពីព្រោះសូម្បីតែឈប់នៅមុខហាងក៏មិនបានដែរ។ តែគាត់បានឃើញមនុស្សដើរចេញដើរចូលទាំងហ្វូង មួយយប់ទល់ភ្លឺ ជាពិសេសយុវជនហើយឃើញម៉ូតូជិះចេញជិះចូលតែគាត់មិនដឹងថាគេចូលលេងអ្វីនោះទេ។
ដោយឡែកមន្ត្រីសាលាខណ្ឌម្នាក់បានបង្ហើបថាទីតាំងខាងលើនេះត្រូវបានរាយការណ៍ទៅលោកអភិបាលខណ្ឌហើយដើម្បីសុំគោលការណ៍បង្ក្រាប។
ប្រជាពលរដ្ឋជិតខាងបាននិយាយថា មួយយប់ៗម៉ូតូក្មេងទំនើងជិះចេញជិះចូលខ្វាត់ខ្វែងគួរឲ្យបារម្ភបំផុត៕ តាឡឹម