ព័ត៌មានទាន់ហេតុការណ៍៖

វិញ្ញាសាចំនួន១៨៩ដាក់ឲ្យអត្តពលិកប្រកួតដណ្តើមយកមេដាយជូនរាជធានី-ខេត្តរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ៖គណៈកម្មការចំពោះកិច្ច និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើកកិច្ចប្រជុំបង្ហាញដល់នាយបេសកកម្ម ប្រតិភូរាជធានី-ខេត្តដែលបានដឹកនាំកីឡាករកីឡាការិនីទាំង១៥ប្រភេទកីឡាមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ពិធីនេះគ្រោងអញ្ជើញសម្តេចតេជោចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកនិងពិធីបិទគ្រោងអញ្ជើញលោកឧបនាយរដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិចូលរួមជាអធិបតី ។

លោកព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាការប្រកួតនេះមាន១៥ប្រភេទកីឡានិងចែកចេញជា១៨៩វិញ្ញាសាព្រមទាំងមានមេដាយសរុបចំនួន៦២៤ ក្នុងនោះមានមេដាយមាស ១៨៩គ្រឿង, មេដាយប្រាក់១៨៩គ្រឿង និងមេដាយសំរឹទ្ធិ២៤៦គ្រឿង ។ ចំពោះ ប្រតិភូដែលចូលរួមប្រកួតទាំង១៥ប្រភេទកីឡាមានសមាសភាពមកពីរាជធានី-ខេត្ត ទាំង២៥។ ក្នុងនោះក៏មានក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិបានបញ្ជូនអត្តពលិករបស់ខ្លួនឲ្យមកចូលរួមប្រកួតចំនួន២.៥៥៣នាក់ផងដែរ។ជាមួយគ្នានោះគណៈកម្មការបានត្រៀមសណ្ឋាគារចំនួន១២កន្លែងសម្រាប់ផ្ដល់ជូនកីឡាករ-កីឡាការិនីដើម្បីស្នាក់នៅហូបចុកស្មើនឹងបន្ទប់ចំនួន១.០៩៣ បន្ទប់ ។

នៅថ្ងៃទី១០ខែតុលាកន្លងទៅក្រោយពីកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផ្សព្វផ្សាយនិងពន្យល់ចប់ក៏បានដឹកនាំក្រុម ប្រតិភូរាជធានី-ខេត្តត្រួតពិនិត្យកន្លែង ស្នាក់នៅ និងទីលានប្រកួតផងដែរ។

គួររំលឹកថា សម្រាប់កីឡាជាក្រុមចំនួន ៥ប្រភេទនឹងចាប់ផ្ដើមប្រកួតមុនគេ ដូចជា កីឡាបាល់ទាត់ បាល់ទះ បាល់បោះ កីឡា វាយកូនឃ្លីលើតុ និងតេក្វាន់ដូ W.T.Fត្រូវប្រកួតពីថ្ងៃទី២៥ខែតុលាតទៅ ខណៈដែលពិធីបើកផ្លូវការប្រព្រឹត្តនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នៅពហុកីឡដ្ឋានជាតិភ្នំពេញ។ជាមួយការត្រៀមរៀបចំប្រកួតកីឡាជាតិ លើកទី១នេះដែរ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបាន បញ្ជាក់ថា ព្រឹត្តិការណ៍នេះក្រសួងបានខិតខំរៀបចំឲ្យបានល្អតាមលំនាំរបស់កីឡាស៊ីហ្គេមទាំងស្រុងដើម្បីឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕ សារីម

aes


ចែករំលែក៖