ព័ត៌មានទាន់ហេតុការណ៍៖

បញ្ឈរម៉ូតូក្បែររោងលើភ្លឺស្រែ ចុះស្ទូងស្រូវក្រឡេកមួយ ភ្លែតបាត់ម៉ូតូ,មួយម៉ោងក្រោយទើបរកឃើញវិញ

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃចន្ទ ១កើតខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១២និង៣០នាទី កើតមានករណីអំពើលួចម៉ូតូ១ករណី នៅចំណុចវាលស្រែខាងលិចភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ តែមួយម៉ោងក្រោយមកសមត្ថកិច្ចក៏ចាប់បានជនសង្ស័យនិងម៉ូតូមកវិញ។

មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរីបានឲ្យដឹងថា ករណីលួចម៉ូតូនៅវាលស្រែនេះបង្កឡើងដោយជនសង្ស័យ១នាក់ ឈ្មោះ សុផល សារ៉ាត់ ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរំលក ឃុំបាស្រែ ស្រុកអង្គរបូរី បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាគុបមូលC50 ពណ៌ស្លែ គ្មានពាក់ផ្លាកលេខ របស់ឈ្មោះ ហង្ស ស៊ីណាត ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ដែលបានជិៈទៅស្រែនៅចំណុចខាងកើតហេតុខាងលើ ហើយក៏បញ្ឈម៉ូតូទុកក្នុងរោងក្បែរផ្លូវរួចដើរទៅស្ទូងស្រូវ បានមួយសន្ទុះក៏ដើរមកកន្លែងទុកម៉ូតូវិញស្រាប់តែឃើញជនសង្ស័យខាងលើលួចម៉ូតូជិៈចូលភូមិបាត់ទៅ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយស្វែងរក។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដោយ មានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានចុះសាកសួរ និងស្រាវជ្រាវ រហូតដល់ម៉ោង ១៣និង៣០នាទីថ្ងៃខែឆ្នាំដដែល ក៏ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងម៉ូតូ នៅចំណុចផ្ទះរបស់ឈ្មោះ ញ៉ុញ ស្រីមុំ (ត្រូវជាអ៉ី) នៅភូមិរំលក ឃុំបាស្រែ ស្រុកអង្គរបូរី យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីចាត់ការតាមនិតិវិធី ចំណែកវត្ថុតាងម៉ូតូ បានប្រគល់ជូនម្ចាស់វិញ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់៕


ចែករំលែក៖