ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា៖ ការនាំចេញរបស់អាម៉េរិកចូលកម្ពុជា កើនឡើង ៩៦% ក្រោយកម្ពុជាលើកលែងបង់ពន្ធ

ចែករំលែក៖

ភ្នំពេញ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានថ្លែងថា ការនាំចេញរបស់សហរដ្ឋអាម៉េរិកចូលប្រទេសកម្ពុជាបានកើនឡើង ៩៦% បើប្រៀបធៀបនឹងឆ្នាំមុន សម្រាប់រយៈពេលពីខែសីហា ដល់ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។ ការកើនឡើងយ៉ាងគំហុកនេះ ធ្វើឡើងក្រោយពីកម្ពុជាបានផ្តល់សិទ្ធិឱ្យអាម៉េរិកនាំចេញទំនិញផលិតនៅអាម៉េរិកទាំងអស់ចូលកម្ពុជាដោយមិនបង់ពន្ធគយ (duty‑free) ជាការអនុគ្រោះមួយ ដើម្បីកាត់បន្ថយពន្ធគយ “ទៅវិញទៅមក” (reciprocal tariff) របស់អាម៉េរិក។

ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជារូបនេះ បានគូសបញ្ជាក់ថា នៅខែសីហា ឆ្នាំ២០២៥ កម្ពុជាបានផ្តល់សិទ្ធិឱ្យអាម៉េរិកនាំចេញទំនិញផលិតនៅអាម៉េរិកទាំងអស់ចូលកម្ពុជាដោយមិនបង់ពន្ធគយ (duty‑free) ជាការអនុគ្រោះមួយ ដើម្បីកាត់បន្ថយពន្ធគយ “ទៅវិញទៅមក” (reciprocal tariff) របស់អាម៉េរិក។លោកថាដោយសារតែការផ្លាស់ប្តូរនេះ ការនាំចេញរបស់អាម៉េរិកបានកើនឡើង ៩៦% បើប្រៀបធៀបនឹងឆ្នាំមុន សម្រាប់រយៈពេលពីខែសីហាដល់ខែធ្នូ។

លោក Casey Barnett បានបញ្ជាក់ទៀតថា ការនាំចេញរបស់អាម៉េរិកបានកើនឡើងក្នុង ៥៤ ចំណោម ៨៥ ប្រភេទផលិតផល។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងគេគឺ ការកើនឡើង ៩ ដងនៃផលិតផលប្រេងឥន្ធនៈដែលបានចម្រាញ់។ ការកើនឡើងនេះក៏ត្រូវបានជំរុញដោយតម្រូវការបំបែកហានិភ័យ និង បង្វែរចេញពីផលិតផលប្រេងឥន្ធនៈពីថៃ ដោយសារការឈ្លានពានរបស់ថៃលើកម្ពុជា ដែលកំពុងបន្ត។ហើយការកើនឡើងដែលគួរឱ្យកត់សម្គាល់ផ្សេងទៀត រួមមាន ការនាំចូលយានយន្តពីអាម៉េរិកកើនឡើង ប្លាស្ទិក ក្រដាស ជាតិសរសៃសម្រាប់វាយនភណ្ឌ ផលិតផលអាហារ និងម៉ាស៊ីន/គ្រឿងចក្រ។

លោក Casey Barnett បន្តថា កិច្ចព្រមព្រៀងចរចានេះមានភាពលំអៀង និងអនុគ្រោះទៅខាងអាម៉េរិកជា ប៉ុន្តែជាក់ស្តែង នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅអាម៉េរិក ១២.៧ ពាន់លានដុល្លារ ខណៈដែលនាំចូលត្រឹមតែ ៣០០ លានដុល្លារ ប៉ុណ្ណោះ។ ផ្នែកមួយនៃភាពខុសគ្នានេះ កើតឡើងពីការខ្វះអំណាចទិញ (purchasing power) របស់ប្រជាជនកម្ពុជា ដើម្បីទិញទំនិញអាម៉េរិក។ប៉ុន្តែផ្នែកមួយទៀតក៏បណ្តាលមកពីដំណើរការផ្តល់អាជ្ញាប័ណ្ណផលិតផល និងលក្ខខណ្ឌតម្រូវផ្សេងៗរបស់កម្ពុជា ដែលមិនសូវមានភាពច្បាស់លាស់ ដែលរារាំងមិនឱ្យទំនិញអាមេរិកឈានដល់ទីផ្សារកម្ពុជា។

អ្នកជំនាញរូបនេះ អះអាងថា ផ្នែកធំមួយនៃ “កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក” រវាងអាម៉េរិក និងកម្ពុជា ត្រូវបានឧទ្ទិសទៅលើវិធានការដែលតម្រូវឱ្យកម្ពុជាកែលម្អអភិបាលកិច្ច។ ឧទាហរណ៍ កិច្ចព្រមព្រៀងតម្រូវឱ្យកម្ពុជាបង្កើតតុលាការការងារឯករាជ្យ ផ្សព្វផ្សាយព្រាងបទប្បញ្ញត្តិ ផ្សព្វផ្សាយថ្លៃសេវាផ្លូវការទាំងអស់សម្រាប់សេវាសាធារណៈ និងប្រយុទ្ធប្រឆាំងការក្លែងបន្លំ។ ទោះបីជាលក្ខខណ្ឌទាំងនេះត្រូវបានទាមទារដោយអាម៉េរិកក៏ដោយ ក៏អត្ថប្រយោជន៍ចម្បងនៃលក្ខខណ្ឌបែបនេះភាគច្រើនចូលទៅកាន់កម្ពុជា៕

ដោយ៖តារា


ចែករំលែក៖