ព័ត៌មានទាន់ហេតុការណ៍៖

លោក កែវ រ៉េមី ៖ បងប្អូនយើងឈឺចាប់ យើងទាំងអស់គ្នាឈឺចាប់រួមគ្នា

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហោះលើផេកផ្លូវការថា, បងប្អូនយើងឈឺចាប់ យើងទាំងអស់គ្នាឈឺចាប់រួមគ្នា។ ចំណែកមេដឹកនាំកំពូលក៏រឹតតែឈឺចាប់ជាងយើង ហើយមានទំនួលខុសត្រូវថែមទៀត។ ក្នុងនាមជាមេដឹកនាំប្រទេស មិនខ្វះទេមន្ត្រីដែលមានសមត្ថភាព និងជំនាញ ក្នុងការជួយជ្រោមជ្រែងក្នុងកិច្ចការដឹកនាំប្រទេស និងផ្តល់យោបល់។ នៅក្នុងកាល:ទេស:នេះ ការសម្រេចចិត្តគឺមានសារ:សំខាន់ណាស់ ក្នុងការដោះស្រាយនូវបញ្ហាត្រូវមានការប្រុងប្រយ័ត្នដោយធានាទាំងផលប្រយោជន៍ជាតិ ស្ថេរភាព សន្តិភាព យូរអង្វែង ។ ពីព្រោះរាល់ដំណោះស្រាយនៃបញ្ហាទាំងឡាយគឺតែងតែជួបនូវអាវុធមុខពីរ ( Pro and Con ) ប្រៀបដូចជាឱសថដែលអាចព្យាបាលបំបាត់ជម្ងឺមួយតែទៅបង្កជម្ងឺមួយទៀត។ ក្នុងសង្រ្គាមប៉ុន្មានលើកនេះ យើងទាំងអស់គ្នាក៏ឃើញចារកម្មលក់ក្បាលឲ្យថៃមិនតិចដែរ។ ដូច្នេះកិច្ចការខ្លះក៏ត្រូវមានរបៀបធ្វើការរបស់វា។ សូមបងប្អូនអត់ធ្មត់ដោយបន្តវប្បធម៌ចេះជួយគ្នា ជ្រោមជ្រែងគ្នា កុំបន្ទោសគ្នា សាមគ្គីគ្នា យើងនឹងឆ្លងផុតនៅក្នុងដំណាក់កាលដ៏លំបាកនេះ។ ខ្ញុំសូមសំដែង នូវក្តីស្រឡាញ់ និងគោរពជូនចំពោះបងប្អូនយើងទាំងអស់ ទាំងក្នុង និងក្រៅប្រទេសដែលតែងតែឈឺឆ្អាលយកចិត្តទុកដាក់ចំពោះស្ថានភាព បច្ចុប្បន្ននឹងទៅអនាគត៕

ដោយ៖សិលា


ចែករំលែក៖