ព័ត៌មានទាន់ហេតុការណ៍៖

Apple ស្នើសុំទៅតុលាការឥណ្ឌា ឱ្យហាមអាជ្ញាធរត្រួតពិនិត្យការប្រកួតប្រជែង ទារឯកសារហិរញ្ញវត្ថុរបស់ខ្លួន

ចែករំលែក៖

ក្រុមហ៊ុន Apple បានដាក់សំណើសុំទៅតុលាការឥណ្ឌា ហាមអាជ្ញាធរត្រួតពិនិត្យការប្រកួតប្រជែង (Antitrust) របស់ប្រទេសនេះ ពីការស្នើសុំឯកសារហិរញ្ញវត្ថុសកលរបស់ខ្លួន ជាផ្នែកមួយនៃការស៊ើបអង្កេតអំពីគោលនយោបាយ App Store ខណៈដែល Apple កំពុងប្តឹងប្រឆាំងនឹងសុពលភាពនៃច្បាប់ដែលជាមូលដ្ឋាននៃការស៊ើបអង្កេតនោះ។

បច្ចុប្បន្ន Apple កំពុងជាប់ពាក់ព័ន្ធនឹងសង្គ្រាមច្បាប់ដ៏សំខាន់មួយជាមួយ គណៈកម្មការប្រកួតប្រជែងឥណ្ឌា (CCI) ដែលការស៊ើបអង្កេតរបស់ពួកគេបានចោទប្រកាន់ថា Apple បានរំលោភអំណាចទីផ្សារលើ App Store។ ប៉ុន្តែApple បានបដិសេធការចោទប្រកាន់ទាំងនេះ។

ទាំង Apple និង CCI មិនបានឆ្លើយតបចំពោះសំណើសុំអធិប្បាយពីសារព័ត៌មាន Reuters ទេ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមកពីសហរដ្ឋអាមេរិកនេះ បាននិយាយថា ខ្លួនព្រួយបារម្ភថា អាចនឹងត្រូវ ផាកពិន័យរហូតដល់ 38 ពាន់លានដុល្លារ ប្រសិនបើអាជ្ញាធរត្រួតពិនិត្យ ប្រើវិធីគណនាពិន័យដោយផ្អែកលើប្រាក់ចំណូលសកលរបស់ក្រុមហ៊ុន។ Apple បានប្តឹងប្រឆាំងនឹងច្បាប់ពិន័យឆ្នាំ 2024 នៅតុលាការឥណ្ឌា ហើយបញ្ហានេះនៅកំពុងរង់ចាំការសម្រេច។

ទោះបីជាយ៉ាងណា CCI នៅតែបន្តដំណើរការករណីនេះ ហើយបានស្នើសុំឯកសារហិរញ្ញវត្ថុពី Apple តាមរយៈបញ្ជាឯកជនមួយនៅថ្ងៃទី 31 ខែធ្នូ។ មូលហេតុនេះហើយទើប Apple បានស្នើឲ្យចៅក្រមតុលាការជាន់ខ្ពស់ខ្ពស់ទីក្រុងដេលី បញ្ជាឲ្យ CCI កុំទាន់ចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុននៅដំណាក់កាលនេះ និងផ្អាកការស៊ើបអង្កេតទាំងមូល បើយោងតាមឯកសារដាក់ស្នើរបស់ Apple កាលពីថ្ងៃទី 15 ខែមករា ដែលមិនបានបង្ហាញជាសាធារណៈ។

ក្រុមហ៊ុន Apple អះអាងថា ការបង្ខំឱ្យធ្វើតាមនៅពេលនេះ នឹងធ្វើឲ្យបរាជ័យដល់ការប្តឹងតាមផ្លូវច្បាប់សំខាន់របស់ខ្លួន ប្រឆាំងនឹងច្បាប់ពិន័យរបស់ឥណ្ឌា ដែល CCI បានការពារជាចាំបាច់ ដើម្បីរារាំងការរំលោភបំពានដោយពហុជាតិសាសន៍។ តុលាការជាន់ខ្ពស់ក្រុងដេលីគ្រោងនឹងបើកសវនាការលើបញ្ហានេះនៅថ្ងៃទី ២៧ ខែមករា៕


ចែករំលែក៖