ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយសាររថយន្តស៊េរីទំនើបបានបុកម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ខណៈអ្នកបើកបររថយន្ត ត្រូវបានមន្ត្រីនគរបាលចរាចរណ៍រកឃើញថា អ្នកបើករថយន្តបើកបរក្នុងស្ថានភាពស្រវឹង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៩ ត្រង់ចំណុចគល់ស្ពានមេគង្គ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
យោងតាមរបាយការណ៍ពីនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ភាគីទាំងពីររួមមាន ៖ អ្នកបើកបរម៉ូតូឈ្មោះ ឌី ដេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរលក់ពងទា ស្នាក់នៅផ្ទះជួលក្នុងភូមិអូរកណ្ដៀរ ឃុំអូរកណ្ដៀរ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ) បើកបរម៉ូតូម៉ាក Wave ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត ។ ចំណែកឯរថយន្តវិញបើកបរដោយឈ្មោះ យឹម សារ៉េត ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរជាមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ប្រចាំការនៅស្ថានីយថ្លឹងរថយន្តក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ បើកបររថយន្តម៉ាក LEXUS LX 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-5526 ក្នុងទិសដៅបញ្ច្រាសគ្នា ។ មធ្យោបាយធ្វើដំណើរ រថយន្តនិងម៉ូតូខូចខាតទាំងសងខាង។
តាមការស៊ើបអង្កេតបឋមពីនគរបាលជំនាញ កត្តាដែលបង្កឱ្យមានគ្រោះថ្នាក់នេះគឺបណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពស្រវឹង។
បច្ចុប្បន្នអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំពោះវត្ថុតាង រថយន្តនិងម៉ូតូ ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច