ព័ត៌មានទាន់ហេតុការណ៍៖

កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម បានលែងចូលបឹងធម្មជាតិវិញ ខណៈមន្ត្រីខណ្ឌរដ្ឋបាល ជលផលចុះបង្ក្រាបបទល្មើសជល នៅភូមិសាស្ត្រស្រុកបាធាយ ០៣ករណី

ចែករំលែក៖

ខេត្តកំពង់ចាម៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការ ដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កងទ័ព ជើងទឹក អាជ្ញាធរស្រុកបាធាយ និងកម្លាំងកងរាជអាវុធ ហត្ថស្នាក់សន្តិសុខ ៦០១ អមដំណើរលោក ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយរុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ ករណី និងលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ នៅចំណុចតាមដងទន្លេសាប ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមការបញ្ជាក់របស់ មន្ត្រីជំនាញជលផល ឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសជល ក្នុងភូមិសាស្ត្រខាងលើ ជំនាញបានរឹបអូសវត្ថុតាង និងបំផ្លាញចោលឧបករណ៍ល្មើស នៅនឹងកន្លែង រួមមាន ៖ ឧបករណ៍ លូស្បៃមុង របាំងស្បៃមុង និងលបប្រឹស ១០០ ចំនួន ៧៥គ្រឿង ។ ក្រៅពីនោះ កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ក៏បានលែងចូល ទៅក្នុងបឹងធម្មជាតិវិញ ។

តាមការអះអាង ខណ្ឌជលផលកំពង់ចាម នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយ ដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ផងដែរ ៕


ចែករំលែក៖