មហាសេដ្ឋី Cheah Cheng Hye ដែលកំពុងរស់នៅហុងកុង បានដាក់ជិតមួយភាគបួននៃទ្រព្យសម្បត្តិការិយាល័យគ្រួសាររបស់ខ្លួន ទៅវិនិយោគលើមាស ដោយគាត់ “ទិញតែប៉ុណ្ណោះ ហើយមិនលក់វិញភ្លាមៗទេ” ។
អ្នកជំនួញដើមកំណើតម៉ាឡេស៊ី វ័យ ៧១ ឆ្នាំរូបនេះ គឺជាប្រធាន Cheah Capital ដែលជាការិយាល័យវិនិយោគគ្រួសារតែមួយ (single-family office) និងជាសហស្ថាបនិក Value Partners Group ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង។ គាត់បានដឹកនាំការគ្រប់គ្រងទ្រព្យសម្បត្តិ និងប្រតិបត្តិការអាជីវកម្មរបស់ Value Partners ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ រហូតដល់ចូលនិវត្តន៍នៅដើមឆ្នាំមុន ហើយបច្ចុប្បន្ននៅតែជាសមាជិកក្រុមប្រឹក្សាភិបាល ក្នុងតួនាទីប្រធានកិត្តិយស។
លោកCheah បានគិតខុសប្លែកពីអ្នកវិនិយោគផ្សេងៗ ដោយមានទស្សនៈវិជ្ជមានខ្លាំងលើមាស។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ភាគរយមាសក្នុងទ្រព្យសម្បត្តិការិយាល័យគ្រួសារតម្លៃ ១.៤ ពាន់លានដុល្លារអាមេរិករបស់គាត់ ត្រូវបានរាយការណ៍ថា កើនពី ១៥% ទៅប្រហែល ២៥%។
មាសកំពុងឡើងថ្លៃយ៉ាងខ្លាំង ដោយឡើង ៦៤% កាលពីឆ្នាំមុន។ តាមការរាយការណ៍ ការវិនិយោគមាសរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំ បានបង្កើតប្រាក់ចំណេញសរុបប្រមាណ ២៥១.១ លានដុល្លារ ឬ ១៦៧%។
លោកCheah បានប្រាប់ Bloomberg ក្នុងបទសម្ភាសន៍ថ្មីៗនេះថា «ខ្ញុំជាវិនិយោគិនដែលមានភាពអត់ធ្មត់ខ្លាំង — ខ្ញុំទិញលោហៈមានតម្លៃ មិនធ្វើការជួញដូរ ហើយចាត់ទុកវាជាផ្នែកមួយនៃប្រាក់សន្សំជីវិតរបស់ខ្ញុំ»។ គាត់បានបន្ថែមថា «ជាទូទៅ ពេលអ្នកទិញទ្រព្យសម្បត្តិ វាគឺជាបំណុលរបស់អ្នកផ្សេង ប៉ុន្តែរឿងនេះមិនអនុវត្តចំពោះមាស និងប្រាក់ទេ។ ទ្រព្យសម្បត្តិគឺជាអ្វីដែលអ្នកកាន់កាប់ ហើយវាមិនមែនជាបំណុលរបស់នរណាម្នាក់ទេ។ វាមានសារៈសំខាន់កាន់តែខ្លាំង ព្រោះហានិភ័យបំណុល សូម្បីតែបំណុលរដ្ឋ កំពុងកើនឡើងនៅទូទាំងពិភពលោក។ខ្ញុំចាត់ទុកវាជាទ្រព្យសម្បត្តិជាជម្រកសុវត្ថិភាព គឺជាអ្វីដែលយើងត្រូវការ ក្នុងពិភពលោកដែលពោរពេញដោយភាពមិនប្រាកដ និងហានិភ័យភូមិសាស្ត្រនយោបាយកើនឡើង»។
នៅក្នុងបរិបទនេះ លោក Cheah ជឿថា វិនិយោគិនគួរបែងចែក ២០% នៃប័ណ្ណវិនិយោគ ទៅលើលោហៈមានតម្លៃ ជាចម្បងមាស ខណៈភាគហ៊ុន និងបណ្ណបំណុល គួរតែមាន ៦០% និង ២០% តាមលំដាប់។
រហូតមកដល់ដើមឆ្នាំ ២០២៦ ការអភិវឌ្ឍន៍ជាសកល បានបញ្ជាក់ថា យុទ្ធសាស្ត្រនេះត្រឹមត្រូវ ដោយគាត់បាននិយាយថា មាស និងប្រាក់ បន្តបង្កើតកំណត់ត្រាថ្មីៗ ក្នុងឆ្នាំនេះ។ តាម Reuters តម្លៃខ្ពស់ចុងក្រោយគឺ មាស ៤,៩៥១.៤៧ ដុល្លារ ក្នុងមួយអោន និងប្រាក់ ៩៧.៨៥ ដុល្លារ ដោយបានជំរុញដោយភាពតានតឹងភូមិសាស្ត្រនយោបាយ ប្រាក់ដុល្លារអាមេរិកខ្សោយ និងការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក (Fed)។
លោកCheah ក៏បម្រើការជានាយកឯករាជ្យមិនប្រតិបត្តិ នៅ Hong Kong Exchanges and Clearing ដែលជាម្ចាស់ទីផ្សារហ៊ុនហុងកុង និង London Metals Exchange ផងដែរ តាមប្រវត្តិរូបរបស់គាត់នៅ Malaysian Chamber of Commerce (Hong Kong & Macau) ដែលគាត់ជាទីប្រឹក្សាជាន់ខ្ពស់។
កើតនៅរដ្ឋ Penang ភាគពាយ័ព្យប្រទេសម៉ាឡេស៊ី គាត់ទទួលបានសញ្ញាបត្រមធ្យមសិក្សា នៅឆ្នាំ ១៩៧១ មុនចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មាន អ្នកកែសម្រួល និងអ្នកសរសេរអត្ថបទ នៅកាសែត The Star របស់ម៉ាឡេស៊ី។
បន្ទាប់មក គាត់បានផ្លាស់ទៅហុងកុង ហើយធ្វើការជាសារព័ត៌មាន សម្រាប់ស្ថាប័នដូចជា The Standard, HK-TVB News, The Asian Wall Street Journal និង Far Eastern Economic Review។
កាលពីខែមេសាឆ្នាំមុន Forbes បានដាក់ Cheah នៅលំដាប់ទី ២០ ក្នុងបញ្ជីមនុស្សមានទ្រព្យសម្បត្តិច្រើនបំផុត ៥០ នាក់របស់ម៉ាឡេស៊ី ដោយប៉ាន់ស្មានទ្រព្យសម្បត្តិសុទ្ធរបស់គាត់ នៅពេលនោះប្រមាណ ១.១៥ ពាន់លានដុល្លារអាមេរិក៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច