មនុស្សជាច្រើននៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កំពុងរុករកក្នុងផ្ទះបាយរបស់ពួកគេ ដើម្បីស្វែងរកស្លាបព្រានិងចង្កឹះប្រាក់ចាស់ៗ ដោយសង្ឃឹមថា អាចលក់វាបានក្នុងតម្លៃខ្ពស់ ខណៈតម្លៃប្រាក់កំពុងកើនឡើងយ៉ាងខ្លាំង។
តាមដងផ្លូវជួញដូរមាសនិងប្រាក់នៅសង្កាត់ Jongno កណ្ដាលទីក្រុងសេអ៊ូល កំពុងឃើញទិដ្ឋភាពមិនធម្មតាមួយក្នុងពេលនេះ ដោយមានជួររង់ចាំវែងៗពីជណ្តើរចុះឡើងរហូតដល់លើចិញ្ចើមផ្លូវ មិនមែនដើម្បីទិញមាសទេ ប៉ុន្តែដើម្បីលក់ប្រាក់ នេះបើយោងតាមក្រុមហ៊ុនផ្សាយពាណិជ្ជកម្មកូរ៉េខាងត្បូង Channel A។
មនុស្សជាច្រើនបាននិយាយថា ពួកគេរង់ចាំក្នុងជួររហូតដល់ម៉ោង៤រសៀល។ វត្ថុដែលយកមកលក់ច្រើនបំផុត គឺសំណុំស្លាបព្រា និងចង្កឹះប្រាក់ ដែលជាអំណោយប្រពៃណីនៅកូរ៉េខាងត្បូង សម្រាប់ថ្ងៃបុណ្យ ពិធីមង្គលការ និងពិធីអបអរសាទរផ្សេងៗ។
នៅហាងអលង្ការមួយ អតិថិជនម្នាក់បានលក់សំណុំស្លាបព្រាប្រាក់ចាស់ចំនួន៣សំណុំដែលបានរក្សាទុកក្នុងទូអស់រយៈពេលជាច្រើនឆ្នាំ។ បន្ទាប់ពីពិនិត្យកម្រិតប្រាក់ និងថ្លឹងទម្ងន់រួច ម្ចាស់ហាងបានបង់ប្រាក់ចំនួន 936,800 វុន (ប្រហែល 655 ដុល្លារអាមេរិក) សម្រាប់សំណុំនោះ។
យុវជនម្នាក់បាននិយាយថា «ពួកយើង មិនបានញ៉ាំអាហារថ្ងៃត្រង់ ដើម្បីរក្សាកន្លែងរង់ចាំក្នុងជួរ បន្ទាប់ពីឮថាតម្លៃប្រាក់កំពុងឡើងដល់កម្រិតកំណត់ត្រា។ ពួកយើងសង្ឃឹមថា ប្រាក់ដែលបានពីការលក់ នឹងជួយគ្រប់គ្រងចំណាយមួយផ្នែកសម្រាប់ពិធីមង្គលការដែលជិតមកដល់»។
ភាពក្តៅគគុកនេះក៏ឃើញច្បាស់នៅលើអុីនធឺណិតផងដែរ។ នៅលើវេទិកាវេបសាយ Daum ប្រធានបទដូចជា «ការរកទ្រព្យនៅក្នុងទូផ្ទះបាយ» បានទាក់ទាញការពិភាក្សារហូតដល់រាប់ពាន់ប្រធានបទ។
មនុស្សជាច្រើនបានបង្ហាញសំណុំស្លាបព្រាប្រាក់ ដែលបានទទួលមរតកពីជីតាជីដូន ហើយធ្លាប់ត្រូវបានចាត់ទុកថាជារបស់ចាស់មិនទាន់សម័យ ទុកសម្រាប់តាំងបង្ហាញប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះបានក្លាយជារបស់មានតម្លៃខ្ពស់ភ្លាមៗ។
រលកនៃការលក់ប្រាក់នេះកើតឡើងស្របពេលតម្លៃប្រាក់កើនឡើងខ្លាំង។ នៅថ្ងៃទី ២៣ ខែមករា តម្លៃប្រាក់នៅទីផ្សារពិភពលោកបានឡើងដល់១០៣ ដុល្លារ បន្ទាប់ពីកើនឡើង ១២% ក្នុងរយៈពេលតែមួយសប្ដាហ៍។
ប្រៀបធៀបនឹងដើមឆ្នាំ២០២៦ តម្លៃប្រាក់បានកើនឡើងដល់ ៤៥% ដែលជំរុញឱ្យមូលតម្លៃទីផ្សាររបស់វាលើសពី ៥.៨ ទ្រីលានដុល្លារ។
តម្រូវការសម្រាប់ការវិនិយោគក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដែលបណ្ដាលឱ្យខ្វះខាតដុំប្រាក់ខ្នាតតូចៗ។ ដុំប្រាក់មានទម្ងន់ ១ គីឡូក្រាមដែលមានតម្លៃ ៦.៨ លានវ៉ុន (ប្រហែល ៤,៧៥៩ ដុល្លារ) ត្រូវបានលក់អស់ហើយ ដោយអ្នកទិញត្រូវបង់ប្រាក់កក់ជាមុន និងរង់ចាំយ៉ាងហោចណាស់ ២ ខែ។
លោក Lee Jong-won បុគ្គលិកការិយាល័យនៅទីក្រុងសេអ៊ូល បាននិយាយថា៖ «ក្នុងបរិយាកាសសេដ្ឋកិច្ចលំបាក ខ្ញុំគិតថា ប្រាក់គឺជាជម្រើសសុវត្ថិភាពបន្ទាប់ពីមាស ប៉ុន្តែច្បាស់ណាស់ ខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលគិតដូច្នេះទេ»។
ចំណែក អ្នកជំនាញខ្លះបានបញ្ជាក់ថា ប្រាក់អាចប្រែពណ៌ឬខ្មៅទៅតាមពេលវេលា ដែលជាបាតុភូតធម្មជាតិ ហើយវាមិនប៉ះពាល់ដល់តម្លៃរបស់វាទេ។ «ដរាបណា ភាពបរិសុទ្ធ និងទម្ងន់នៅដដែល មនុស្សនៅតែអាចលក់បានតាមតម្លៃទីផ្សារ» ម្ចាស់ហាងម្នាក់នៅតំបន់ Jongno បានបញ្ជាក់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច