ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះមាន បុគ្គល និងក្រុមខិលខូចបានបង្កើតក្រុមតេឡេក្រាម ដែលមានឈ្មោះថា ” គ្រុបផុសរើសកម្មកររោងចក្រទូទៅ 招聘 工人和职员一般只在“ដោយយករូបសញ្ញា (Logo) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកប្រើប្រាស់ ជារូបប្រូហ្វាល់របស់ខ្លួន ក្នុងគោលបំណង បោកប្រាស់ និងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំមកលើក្រសួង។ ក្រុមតេឡេក្រាមនេះបង្កើតឡើងដោយគណនីតេឡេក្រាមឈ្មោះ“I’m 小龙 I’m 小龙” និងអេតមីន (Admin) ចំនួន ៣នាក់ ព្រមទាំងបានយកឈ្មោះក្រុមហ៊ុន ខេអិល រ៉ាយស៊ីង អ៊ិនដាសស្មៀល ឯ.ក KL RISING INDUSTRIAL CO., LTD ដែលមានអាសយដ្ឋាននៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មកធ្វើការផ្សព្វផ្សាយជ្រើសរើសកម្មករនិយោជិត ដោយក្រុមហ៊ុនសាមីពុំបានដឹងឡើយ។
សូមបញ្ជាក់ថាច្បាប់ស្តីពីការងារ ប្រកាសលេខ៤៦៣ ក.ប/ប្រ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ និងសេចក្តីជូនដំណឹងលេខ០២៥/២៥ ក.ប/ស.ជ.ណ.ខ.ល ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនអនុញ្ញាតឱ្យបុគ្គល ឬទីភ្នាក់ងារឯកជនផ្តល់សេវារកការងារឱ្យធ្វើក្នុងស្រុក ធ្វើការ ផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម និងរកការងារឱ្យធ្វើ ដោយគ្មានការអនុញ្ញាតជាមុនពីក្រសួង ហើយក៏មិនត្រូវ ទាមទារឱ្យប្រជាពលរដ្ឋបង់កម្រៃសេវា ឬអត្ថប្រយោជន៍ផ្សេងៗជាថ្នូរនឹងការទទួលបានការងារធ្វើឡើយ។
សកម្មភាពរបស់បុគ្គល និងក្រុមដូចដែលបានរៀបរាប់ខាងលើ គឺជាការប្រព្រឹត្តផ្ទុយច្បាប់ និងលិខិត បទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជា ណាចក្រកម្ពុជា។ ក្រសួងបាននិងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវ ច្បាប់ជាធរមាន។
ករណីបងប្អូនកម្មករនិយោជិត និងសាធារណជនមានបំណងស្វែងរកការងារ សូមទំនាក់ទំនងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ ឬមជ្ឈមណ្ឌលការងាររាជធានី ខេត្ត ឬតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ និង QR Code (ស្វែងរកការងារ-MLVT) ដូចមានភ្ជាប់ជូនខាងក្រោម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការ ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ទាំងនេះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច