ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៦ខែចុងក្រោយឆ្នាំ២០២៥ ៖ ផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៦៨នាក់ លើសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធំៗចំនួន ៣៥ករណី

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែចុងក្រោយឆ្នាំ២០២៥ យន្តការថ្នាក់ជាតិរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរឹតបន្តឹងការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន, តុលាការ និងអយ្យការគ្រប់ជាន់ថ្នាក់, ពង្រឹងការគ្រប់គ្រងជនបរទេស ពិសេសអ្នកចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីធានាថាគ្មានសកម្មភាពល្មើស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬទម្រង់នៃការជួញដូរមនុស្ស/ផ្លូវភេទណាមួយ កើតឡើងជាដាច់ខាត ខណៈបន្តសហការជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងទប់ស្កាត់អំពើល្មើសច្បាប់គ្រប់ទម្រង់។

ជាលទ្ធផល យន្តការជាតិនេះ បានបង្ក្រាបទីតាំងចំនួន ១១៨ កន្លែង ក្នុងរាជធានី-ខេត្តចំនួន ១៨ ដោយបានឃាត់ខ្លួនជនសង្ស័យសរុប ៤,៩៨៣ នាក់ ដែលមាន ២៣ សញ្ជាតិផ្សេងគ្នា, បានបណ្តេញជនបរទេសខុសច្បាប់ចំនួន ៤,០៣៩ នាក់ ឱ្យត្រលប់ទៅប្រទេសខ្លួនវិញ, និងបានការអនុវត្តនីតិវិធីតុលាការលើសំណុំរឿងធំៗចំនួន ៣៥ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៦៨ នាក់៕

គួរបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចុះបទបញ្ជាដើម្បីជំរុញការអនុវត្តវិធានការជាក់ស្តែងទូទាំងប្រទេស រាប់បញ្ចូលយន្តការស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការអនុវត្តច្បាប់ នីតិវិធីតុលាការ និងទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ហើយបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសកម្ពុជា និងរួមចំណែកក្នុងកិច្ចខិតខំក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាសកល៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖