ខេត្តរតនគិរី៖ ឯកឧត្តមបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ ចំណុច ជូនដល់វិស័យអប់រំ យុវជន និងកីឡា ខេត្តរតនគិរី សម្រាប់ឆ្នាំសិក្សា២០២៥–២០២៦ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា២០២៤–២០២៥ និងទិសដៅការងារបន្ត ដែលរៀបចំឡើងនៅ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នាសាលមហោស្រពរតនគិរី។
អនុសាសន៍ទាំង ៤ ចំណុច រួមមាន៖
១. បន្តធ្វើឱ្យមានសង្គតភាព និងសុខដុមនីយកម្ម ក្នុងការផ្ទេរ និងប្រគល់មុខងារវិស័យអប់រំ យុវជន និងកីឡា ជូនរដ្ឋបាលក្រុង/ស្រុក។
២. បន្តចូលរួមអនុវត្តគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសលើអាទិភាពអភិវឌ្ឍធនធានមនុស្ស។
៣. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គួរចាត់ចែងថវិកា និងកៀរគរធនធាន ដើម្បីអភិវឌ្ឍវិស័យអប់រំក្នុងមូលដ្ឋាន ជាពិសេសអនុវិស័យដែលបានផ្ទេរមុខងារ។
៤. លោកគ្រូ អ្នកគ្រូ ត្រូវបន្តបូជាបញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ និងសុឆន្ទៈ ដើម្បីបង្រៀន និងបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យមានចំណេះដឹង និងជំនាញពិតប្រាកដ។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត ចាន់ សុភា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអប់រំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការកំណែទម្រង់វិស័យអប់រំ រួមចំណែកលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តម បានលើកឡើងថា ដោយឈរលើមូលដ្ឋានស្ថេរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពសង្គម ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងខិតខំជំរុញការអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព និងគាំទ្រដល់គោលដៅអភិវឌ្ឍជាតិ ក្នុងការផ្លាស់ប្តូរកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។
ជាមួយគ្នានេះដែរ ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុរដ្ឋលេខាធិការ ដែលបានអញ្ជើញចូលរួមផ្តល់កិត្តិយស និងការលើកទឹកចិត្តដ៏មានតម្លៃ ដល់វិស័យអប់រំក្នុងខេត្ត។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានសម្តែងមោទនភាពចំពោះលទ្ធផលសម្រេចបានកន្លងមក និងអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែង ដើម្បីធានាឱ្យប្រជាពលរដ្ឋខេត្តរតនគិរី ទទួលបានសេវាអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕

ដោយ៖ជីវ័ន្ត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច