ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងសិក្សាច្រាំងទន្លេមេគង្គបាក់ស្រុត នៅទីរួមខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ ដោយមានការចង្អុលបង្ហាញពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ដ្រ និងការងារទន្លេ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម រួមជាមួយលោក សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងសិក្សាច្រាំងទន្លេមេគង្គស្រុតបាក់មួយកន្លែងស្ថិតនៅត្រង់ចំណុចកោះពេជ្រ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទីរួមខេត្តកំពង់ចាម។

សូមជម្រាបថា ហេតុការណ៍ច្រាំងទន្លេមេគង្គស្រុតបាក់នៅក្នុងភូមិសាស្ត្រខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ហើយទំហំនៃការស្រុតបាក់មានបណ្តោយប្រវែង ៧៥ម៉ែត្រ និងបាក់ចូលប្រមាណពី ១៥ម៉ែត្រទៅ២០ម៉ែត្រ។

ទីតាំងច្រាំងនេះមានសភាពទ្រុឌទ្រោម និងប្រឈមហានិភ័យបាក់ស្រុតប្រវែងសរុបប្រមាណ៤០០ម៉ែត្រ។

គួរបញ្ជាក់ថា មូលហេតុស្រុតបាក់គឺបណ្តាលមកពីការប្រែប្រួលចរន្តទឹកទន្លេមេគង្គ រួមជាមួយជម្រាបទឹកក្រោមដី៕

ដោយ៖តារា


ចែករំលែក៖