ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្តីចោទថាលួចមានសាហាយស្មន់ ទ្រាំលែងបានទាញកាំបិតផ្គាក់កាប់ប្តីរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្ត្រីជាប្រពន្ធត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនបានភ្លាមៗក្រោយធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើប្តីចំកខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែខឹងប្តីចោទថាលួចមានសហាយស្មន់ ដោយទ្រាំនូវការចោទរបស់ប្តីលែងបានក៏ទាញកាំបិតកាប់តែម្តង។

ករណីហិង្សាក្នុងគ្រួសារប្រពន្ធទាញកាំបិតកាប់ប្ដីឱ្យរងរបួសធ្ងន់នេះត្រូវបាននគរបាលឃាត់ខ្លូនស្ត្រីដៃដល់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងភូមិតាំងរងៀង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ស្ត្រីជនសង្ស័យដៃដល់ជាប្រពន្ធដែលយកកាំបិតកាប់ប្ដី មានឈ្មោះ ចែម កុសល អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិតាំងរងៀង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះជាប្ដីឈ្មោះ នួន សំណាង អាយុ៤៨ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិ-ឃុំខាងលើ។

នគរបាលស្រុកភ្នំស្រួចបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្តីកំពុងតែដេកនៅលើគ្រែក្នុងផ្ទះស្រាប់តែប្រពន្ធដែលជាជនដៃដល់បានទាញកាំបិតផ្គាក់កាប់ទៅលើបុរសជាប្តីចំនួន០១កាំបិតចំកផ្នែកខាងឆ្វេងបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលធ្វើសកម្មភាពកាប់ប្តីរួច ជនដៃដល់ជាប្រពន្ធក៏បានទម្លាក់កាំបិតនៅក្នុងផ្ទះ រួចហើយព្យាយាមរត់គេចទៅទិសខាងជើងសំងំពួននៅក្នុងព្រៃ តែនៅតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ក្រោយឃាត់ខ្លួនជនដៃដល់ជាប្រពន្ធ បានឆ្លើយសារភាពថា មូលហេតុដែលរូបខ្លួនចិត្តដាច់ទាញកាំបិតកាប់ទៅលើប្តីខ្លួនឯងនេះគឺដោយសារតែប្ដីប្រចណ្ឌរូបខ្លួនថាលួចមានសហាយស្មន់ ធ្វើឱ្យខ្លួនកើតចិត្តខឹងក៏ទ្រាំលែងបានទាញកាំបិតកាប់តែម្តងទៅ។

នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនស្ត្រីសង្ស័យដៃដល់ជាប្រពន្ធរួមជាមួយនឹងវត្ថុតាងកាំបិតផ្គាក់ ត្រូវបានសមត្ថកិច្វជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែក៖